ក្រុមហួរទីរបស់ប្រទេសយេម៉ែន បានបើកការវាយប្រហារដោយគ្រាប់មីស៊ីលលើអាកាសយានដ្ឋានអន្តរជាតិ ប៊េន គូរៀន (Ben Gurion) របស់អ៊ីស្រាអែលកាលពីថ្ងៃអាទិត្យ ទី4 ខែឧសភា ដោយបានធ្វើឲ្យមនុស្សយ៉ាងហោចណាស់ 8 នាក់រងរបួស និងការខូចខាតជាច្រើន។ អាជ្ញាធរអាកាសយានដ្ឋានអ៊ីស្រាអែលបាននិយាយថា ជើងហោះហើរទាំងអស់ ត្រូវបានផ្អាកជាបណ្ដោះអាសន្ន តែប្រតិបត្តិការអាកាសយានដ្ឋាន ត្រូវរំពឹងថានឹងបន្ត "ក្នុងរយៈពេលខ្លី" ខាងមុខ។ គួរបញ្ជាក់ផងដែរថា ក្រុមហួរទី របស់ប្រទេសយេម៉ែន បានប្រកាសអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ ដោយអ្នកនាំពាក្យយោធាក្រុមហួរទី លោក យ៉ាយា សារី (Yahya Sarea) បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងកម្លាំងរបស់ក្រុមហួរទី បានកំណត់គោលដៅជោគជ័យលើអាកាសយានដ្ឋានរបស់អីស្រាអែល ដោយប្រើប្រាស់គ្រាប់មីស៊ីលលឿនជាងសំឡេង។ ជាការឆ្លើយតប រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក អីស្រាអែល ខាត់ (Israel Katz) បានប្រកាសថា នឹងធ្វើការសងសឹកយ៉ាងខ្លាំងក្លា។