ភ្នំពេញ៖ 

ក្មេងស្រីអាយុ១៥ឆ្នាំម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់ទាំងអាក្រាត កាយនៅក្នុងបន្ទប់ទឹកសាលាបឋមសិក្សាវត្តគ្រួស ដែលគេសង្ស័យថា ឃាតកររំលោភៈសេពសន្ធវៈហើយរិតកសម្លាប់។ 

ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី២១ខែឧសភាឆ្នាំ ២០២៥នៅចំណុចសាលាបឋមសិក្សាវត្តគ្រួស ក្នុងភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ក្មេងស្រីរងគ្រោះឈ្មោះវុទ្ធី លីណា អាយុ១៥ឆ្នាំមានលំនៅភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

តាមព័ត៌មានអោយដឹងថានៅវេលាព្រឹកថ្ងៃកើតហេតុនោះ មានអ្នកគ្រូម្នាក់ បានចូលបន្ទប់ទឹកមុនគេ ស្រាប់តែប្រទះឃើញសពក្មេងស្រីដេកស្លាប់ទាំងអាក្រាតកាយ ហើយ ក៏ឲ្យមានការភ្ញាក់ផ្អើលនិងរាយការណ៍ទៅសមត្ថកិច្ច។ តាមក្រុមគ្រួសារ បានអោយដឹងថាជនរងគ្រោះបានឈប់រៀន១ឆ្នាំមកហើយដោយសារតែស្ថានភាពគ្រួសារក្រីក្រ។ បន្ទប់ពីឈប់រៀន ក៏បានទៅធ្វើការជាអ្នកមើលកូនអោយគេ ហើយ ទើបតែមកផ្ទះរយៈពេល៥ថ្ងៃប៉ុណ្ណោះ ដោយឪពុកបានទិញខ្សែក ប្លាកទីន តម្លៃប្រមាណជាង១០០ដុល្លារអោយ។ 

តាមក្រុមគ្រួសារ បានឲ្យដឹងទៀតថានៅវេលាម៉ោង១២យប់ថ្ងៃទី20 ខែឧសភា ឆ្នាំ 2025 ជនរងគ្រោះ ក៏បានចាក់ចេញពីផ្ទះ តែពុំចាប់អារម្មណ៍ ព្រោះកន្លងមក គាត់តែងតែទៅដេកផ្ទះមិត្តភក្កិ។ លុះព្រឹកឡើង មានការភ្ញាក់ផ្អើលនៅពេលដែលអ្នកគ្រូចូលទៅក្នុងបន្ទប់ទឹក ប្រទះឃើញសពដេកស្លាប់តែម្តង។ តាមព័ត៌មានឲ្យដឹងទៀតថាបន្ទាប់ពីភ្ញាក់ផ្អើល ខ្សែកផ្លាកទីន ទូរស័ព្ទមួយគ្រឿង បានបាត់ផងដែរ។ 

ទោះបីជាយ៉ាងណា គេពុំទាន់ដឹងថាជនរងគ្រោះ ត្រូវបានឃាតកររំលោភសម្លាប់ឬយ៉ាងណា ដោយសមត្ថកិច្ចជំនាញកំពុងតែធ្វើការត្រួតពិនិត្យ។ ជុំវិញករណីឃាតកម្មនេះ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវនិងបានកំណត់មុខសញ្ញាឃាតកររួចហើយ៕