អតីតបវរកញ្ញាតំណាងប្រទេស និងជាម្ចាស់ជ័យលាភីលេខ១ពីវេទិកាប្រកួតសម្រស់ បវកញ្ញាដ៏អស្ចារ្យនៃកម្ពុជា ឆ្នាំ ២០២៣ កញ្ញា ភឹម ស្រីនោរ បានលេចមុខនៅក្នុងកម្មវិធី Miss Cosmo Cambodia 2025 វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជាមួយរូបរាងថ្មី ដ៏ភ្ញាក់ផ្អើល។ នៅក្នុងចំណោមអ្នកសារព័ត៌មាន ស្រីស្អាតដែលមានតំណែងជាបវរកញ្ញារូបនេះ បានថ្លែងប្រាប់យ៉ាងដូច្នេះថា ខ្លួនបានស្រកគីឡូរហូតដល់ទៅ ៦ គីឡូឯណោះ ដោយកាលពីនៅអំឡុងពេលប្រលងខ្លួនមានគីឡូប្រហែល ៥៧ គីឡូ។ ស្រីនោរ បន្តប្រាប់ពីមូលហេតុដែលបណ្តាលឱ្យស្រកគីឡូបែបនេះ ក៏ដោយសារតែការជ្រើសរើសរបបអាហារត្រឹមត្រូវ ការហាត់ប្រាណជាប្រចាំ និងការញ៉ាំវីមីនជំនួយជាដើម។ ដែលនេះហើយទើបធ្វើឱ្យស្រីនោរមានរូបរាងស្រឡូនស្អាតជាងមុន។ ជាមួយគ្នានេះ អតីតបវរកញ្ញាខាងលើ ក៏បានប្រាប់ពីរឿងមុខជំនួញរបស់ខ្លួនផងដែរថា មួយរយៈនេះមានភាពស្ងប់ស្ងាត់មិនទាន់ប្រកាសដាក់លក់នៅលើទីផ្សារ ក៏ដោយសារតែនៅរង់ចាំការត្រួតពិនិត្យ និងរង់ចាំឯកសារចេញពីក្រសួងត្រឹមត្រូវជាមុនសិន ទើបហ៊ានប្រកាសលក់ជាផ្លូវការតែម្តង។
ដោយឡែក ងាកមកកាន់វិថីនៃការប្រកួតសម្រស់វិញ ដោយមហាជន និងអ្នកគាំទ្រជាច្រើន ទទូចចង់ឃើញ ស្រីនោរ ត្រលប់មកកាន់វិស័យនេះជាថ្មីម្តងទៀត ប៉ុន្តែ ស្រីនោរ ថា ខ្លួននៅមិនទាន់អាចប្រាប់ថានឹងវិលត្រលប់នៅពេលណានោះទេ ដោយបច្ចុប្បន្នស្រីស្អាតរូបនេះបាននឹងកំពុងដុសខាត់សមត្ថភាពបន្ថែម និងបំពេញចន្លោះប្រហោង នូវចំណុចខ្វះខាតដែលខ្លួនមាន ហើយនៅពេលណាដែលបានត្រៀមខ្លួនរួចរាល់ នោះនឹងវិលត្រលប់មកវិញជាក់ជាពុំខាន។
គួរឱ្យដឹងថា ភឹម ស្រីនោរ គឺជាអតីតបវរកញ្ញាដ៏អស្ចារ្យនៃកម្ពុជា ឆ្នាំ ២០២៣ នឹងបានតំណាងឱ្យកម្ពុជាប្រកួតនៅលើឆាកអន្តរជាតិក្នុងកម្មវិធី Miss Grand International 2023 នៅប្រទេសវៀតណាម៕