ភ្នំពេញ ៖ 

នារីជាប្រពន្ធដើមនិងបងប្អូនម្នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌទួលគោកឃាត់ខ្លួន បន្ទាប់ពីបើកឡាន ដេញបុកនិងវាយទៅលើតារាចម្រៀងម្នាក់ឈ្មោះចាប ចិន្តាបណ្ដាឲ្យរងរបួស។ 

តាមនគរបាល បានឲ្យដឹងថានៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥  វេលាម៉ោងប្រហែល២៣:៣០នាទី កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើដំបងមូល, ប្រើដៃនិងបើករថយន្តម៉ាកRaptor ដេញបំបុកជនរងគ្រោះជាអតីតសង្សាររបស់ប្ដី បណ្ដាលឲ្យជនរងគ្រោះរបួសជាច្រើនកន្លែងនិងខូចខាតរថយន្តមុខក្រោយទាំងស្រុង) ។

ជនសង្ស័យដែលត្រូវឃាត់ខ្លួន១-ឈ្មោះ ជា រីដា ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់អាគុយ ស្នាក់នៅលេខQ៣ ផ្លូវលេខ២៦៥ ភូមិ៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក  រាជធានីភ្នំពេញ ។ ២-ឈ្មោះ អ៊ឹង លីមុំ  ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅលេខ៤២៨ ផ្លូវព្រះសីហនុ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង  រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះ:ឈ្មោះចាប ចន្ដា ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះស្នាក់នៅលេខ១២A ផ្លូវលេខ៣៦ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ  រាជធានីភ្នំពេញ ។

គួរបញ្ជាក់ថា អ្នកចម្រៀងស្រី ឈ្មោះ ចាប ចិន្តា ត្រូវបានស្រ្តីជាប្រពន្ធដើមនិងបងប្អូនបានបើកឡានដេញបុកនិង ព្រួតគ្នាវ៉ៃ ដោយចោទប្រកាន់ថា តារាចម្រៀងស្រីរូបនេះព្យាយាមទាក់ទងប្តីរបស់គេ ។ ទោះបីជាយ៉ាងណា អ្នកចម្រៀងរូបនោះបានបដិសេធ។ ហេតុការណ៍បើកឡានដេញបុកយ៉ាងសាហាវនេះ បានកើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ ស្ថិតត្រង់ចំណុចស្តុបសំណង់១២ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។        

តាមស្ត្រីជាប្រពន្ធដើម បានឲ្យដឹងថាតារាចម្រៀងស្រី ឈ្មោះ ចាប ចិន្តា តែងតែមកតែងតែមានទំនាក់ទំនងគ្នាជាមួយប្ដីរបស់គាត់។ នៅមុនពេលកើតហេតុ តារាចម្រៀងរូបនោះក៏បានមកផ្ទះរបស់គាត់គោះទ្វារដើម្បីរកប្តីរបស់គាត់ ទើបធ្វើឲ្យគាត់ខឹង បបួលបងប្អូននាំគ្នាព្រួតដេញវ៉ៃនារីនោះតែម្តង។ បន្ទាប់ពីកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានចុះទៅអន្តរាគមន៍ឃាត់ខ្លួនបានស្ត្រីពីរនាក់។

ទោះបីយ៉ាងណា បុរសម្នាក់ដែលជាជនដៃដល់ដែលគេស្គាល់ថា ជាប្អូនថ្លៃប្រពន្ធដើមបានគេចខ្លួនបាត់ហើយសមត្ថកិច្ចកំពុងតែតាមស្រាវជ្រាវឃាត់ខ្លួន ៕