ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃចន្ទ ទី19 ខែឧសភាថា "វាពិតជាអស្ចារ្យណាស់" សម្រាប់រុស្ស៊ី និងអ៊ុយក្រែន ក្នុងការធ្វើកិច្ចចរចាបទឈប់បាញ់នៅវិមានវ៉ាទីកង់។ បន្ទាប់ពីការជជែកតាមទូរសព្ទជាមួយលោកប្រធានាធិបតី ពូទីន និងហ្សេលេនស្គី លោកប្រធានាធិបតី ត្រាំ បានបង្ហាញទំនុកចិត្តថា មេដឹកនាំទាំងពីរ មានទំនោរទៅរកដំណោះស្រាយដើម្បីបិទបញ្ចប់សង្រ្គាមមួយនេះ។ លោកប្រធានាធិបតី ត្រាំ ក៏បានបញ្ជាក់ថា ប្រទេសរុស្ស៊ី និងអ៊ុយក្រែន នឹងចាប់ផ្តើមកិច្ចចរចាបទឈប់បាញ់ក្នុងពេលឆាប់ៗខាងមុខ នៅក្នុងជម្លោះរយៈពេលជាងបីឆ្នាំនេះ ប៉ុន្តែលោកមិនបានបញ្ជាក់អំពីការធ្វើសម្បទានសំខាន់ៗពីលោកប្រធានាធិបតី ពូទីន អំឡុងពេលការហៅទូរស័ព្ទរយៈពេលជាងពីរម៉ោងនោះទេ។