ចំណាប់ខ្មាំងសញ្ជាត្តិអ៊ីស្រាអែល អាមេរិក លោក អីដេន អាឡិចសេនឌឺ (Edan Alexander) បានត្រលប់ជួបជុំគ្រួសារវិញកាលពីថ្ងៃចន្ទ ទី12 ខែឧសភា បន្ទាប់ពីត្រូវបានដោះលែង។ យោធាអ៊ីស្រាអែលបាននិយាយថា ពួកគេបានទទួល អីដេន វ័យ 21 ឆ្នាំ បន្ទាប់ពីគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហមបានសម្របសម្រួលការផ្ទេររូបលោក ពីការជាប់ឃុំអស់រយៈពេល 19 ខែ។ អីដេន គឺជាចំណាប់ខ្មាំងដែលមានសញ្ជាត្តិអាមេរិកចុងក្រោយបង្អស់ដែលនៅរស់រានមានជិវិត ខណៈដែលការដោះលែងនេះត្រូវបានធ្វើឡើងបន្ទាប់ពីមានកិច្ចចរចា 4 ផ្លូវរវាងក្រុមហាម៉ាស សហរដ្ឋអាមេរិក អេហ្ស៊ីប និងកាតា ដែលសង្ឈឹមថា នឹងអាចត្រួសត្រាយផ្លូវសម្រាប់ការបន្តដោះលែងចំណាប់ខ្មាំងដែលនៅសេសសល់ចំនួន 58 នាក់ទៀត ដោយក្នុងនោះ មានតែ 20 នាក់ប៉ុណ្ណោះដែលគេជឿជាក់ថា នៅរស់រានមានជិវិត។