កំពង់ស្ពឺ៖ 

មនុស្សជាច្រើននាក់ បានរងរបួសរណូករណែលតាមផ្លូវជាតិលេខ៤៤ ខណៈដែលរថយន្តមួយគ្រឿង បើកលឿនបុករះម៉ូតូចំនួន០៣គ្រឿង ស្រាប់តែសមត្ថកិច្ចចុះទៅជួយអន្តរាគមន៍នៅកន្លែងកើតហេតុ ឆែកឆេរក្នុងរថយន្តបង្កហេតុ ក៏ឃើញគ្រឿងញៀនមួយកញ្ចប់ធំ កំលាំងអាវុធហត្ថ ឃាត់យកមកធ្វើការសួរនាំតែម្តង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មានគ្រឿងញៀននៅក្នុងរថយន្តនេះ បានកើតឡើងកាលពីវេលាម៉ោង៦និង១០នាទីព្រលប់ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវជាតិលេខ៤៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៤ទៅលេខ៥ ស្ថិតនៅក្នុងភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ច បាននិយាយឱ្យដឹងថា ភ្លាមៗក្រោយកើតមានគ្រោះថ្នាក់ចរាចរណ៍  កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន បានទៅដល់ទីតាំងកើតហេតុ  ក៏ឃើញស្គាល់អ្នកបើកបររថយន្តបង្កនោះ ជាមុខសញ្ញាជួញដូរគ្រឿងញៀន។ ភ្លាមនោះកម្លាំងអាវុធហត្ថក្រុងច្បារមន បានធ្វើការត្រួតពិនិត្យឆែកឆេរក្នុងរថយន្តខាងលើ បានរកឃើញគ្រឿងញៀន ចំនួន១កញ្ចប់ធំ។ 

សមត្ថកិច្ច បានបន្តថាបន្ទាប់ពីធ្វើការឃាត់ខ្លួនជនសង្ស័យបង្កហេតុគ្រោះថ្នាក់ចរាចរណ៍ខាងលើ ហើយ ពាក់ព័ន្ធករណីរក្សាទុកនូវសារធាតុញៀននេះ ជនសង្ស័យមានឈ្មោះ ឃាន ម៉េងលៀង  ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិមុខខេត្ត សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ 

ក្រោយឃាត់ខ្លួន សមត្ថកិច្ច បានដកហូតយកវត្ថុតាងរួមមាន÷

-ក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនចំនួន ០១កញ្ចប់ធំ

-រថយន្តចំនួន០១គ្រឿង -ទូរស័ព្ទចំនួន០២គ្រឿង -ខ្សែកចំនួន០១

-អត្តសញ្ញាណប័ណ្ណចំនួន០១ -កាំភ្លើងដែកកេះចំនួន០១

-ប្រាក់ចំនួន១០០,០០០រៀលផងដែរ។ 

បច្ចុប្បន្ន ជនសង្ស័យរួមជាមួយនិងវត្ថុតាង បញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីចាត់ការសំណុំរឿងតាមនីតិវិធី៕