ភ្នំពេញ ៖
កម្លាំងនគរបាលខណ្ឌដង្កោ បានធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនក្រុមជួញដូរគ្រឿងញៀនបានចំនួន៤នាក់ និងដកហូតបានវត្ថុតាងមួយចំនួនផងដែរ នាំទៅសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ។
ការឃាត់ខ្លួននោះ បានធ្វើឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥ នៅក្នុងរោងស្នាក់នៅមួយក្នុងដីឡូតិ៍គ្មានលេខ ស្ថិតនៅតាមផ្លូវបេតុង៥០ម៉ែត្រ ភូមិបាគូ សង្កាត់ដង្កោ និងភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
នគរបាល បានបញ្ជាក់ថា កម្លាំងដកហូតបានថ្នាំញៀនចំនួន១២កញ្ចប់ក្នុងនោះកញ្ចប់ធំចំនួន០៣កញ្ចប់ និងកញ្ចប់តូចចំនួន០៩កញ្ចប់,ជញ្ជីងអេឡិចត្រូនិចសម្រាប់ថ្លឹងថ្នាំញៀនចំនួន០២គ្រឿង,ថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន,សម្ភារៈសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន ,កាំបិតស្នៀតប្រវែង៦១សង្ទីម៉ែត្រ១ដើម,ទូរស័ព្ទដៃម៉ាកNokia ពណ៌ខៀវ០១គ្រឿង,ប្រអប់ពណ៌ខ្មៅ០១ ,កញ្ចប់បារីម៉ាកEsse ពណ៌ខៀវ០១ ៕