ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ និងលោកប្រធានាធិបតីរុស្ស៊ី ពូទីន បាននិយាយជជែកតាមទូរស័ព្ទអស់រយៈពេលជាង 2 ម៉ោង អំពីបទឈប់បាញ់ក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃចន្ទ ទី19 ខែឧសភា ដោយលោក ត្រាំ បាននិយាយថា ការចរចាចុងក្រោយបំផុតជាមួយនឹងលោក ពូទីន "ដំណើរការទៅយ៉ាងរលូន" និងថា រុស្ស៊ី និងអ៊ុយក្រែន នឹងចាប់ផ្តើមការចរចាជាបន្ទាន់សម្រាប់បទឈប់បាញ់ និងការបញ្ចប់ជម្លោះ ខណៈដែលលក្ខខណ្ឌសម្រាប់កិច្ចពិភាក្សា នឹងត្រូវបានកំណត់ដោយភាគីទាំងពីរផ្ទាល់។ ទន្ទឹមនឹងនេះ លោកប្រធានាធិបតី ពូទីន ក៏បានបញ្ជាក់ថា ការសន្ទនានេះ "មានខ្លឹមសារ ស្មោះត្រង់ និងការ "ស្ថាបនាខ្ពស់" ខណៈដែលរុស្ស៊ីគាំទ្រការដោះស្រាយដោយសន្តិវិធីនៃវិបត្តិសង្រ្គាមក្នុងប្រទេសអ៊ុយក្រែន តែសង្កត់ធ្ងន់លើតម្រូវការដ៏មានប្រសិទ្ធភាពបំផុតឆ្ពោះទៅរកការទទួលបានសន្តិភាពយូរអង្វែង។ ប្រទេសរុស្ស៊ី យល់ព្រមជាមួយសហរដ្ឋអាមេរិក ក្នុងការត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយភាគីអ៊ុយក្រែនលើអនុស្សរណៈស្តីពីកិច្ចព្រមព្រៀងសន្តិភាពដែលមានសក្តានុពលនាពេលអនាគត ខណៈដែលលក្ខខណ្ឌរួមទាំងគោលការណ៍នៃដំណោះស្រាយ ក្របខ័ណ្ឌពេលវេលាសម្រាប់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព និងបទឈប់បាញ់ជាក់លាក់ណាមួយ ក្នុងករណីដែលកិច្ចព្រមព្រៀងពាក់ព័ន្ធត្រូវបានសម្រេច នឹងត្រូវបានគូសបញ្ជាក់នៅក្នុងអនុស្សរណៈនោះ។