ភ្នំពេញ៖ក្រុមម្ចាស់ផ្ទះកម្ពុជា កំពុងសម្រួចខ្លួនយ៉ាងខ្លាំងដើម្បីឆ្ពោះទៅដណ្ដើម មេដាយ ព្រឹត្តិការណ៍កីឡាវាយសី Badminton Asia Southeast Asia Regional Championships 2025 ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី០៧ ដល់ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០២៥ នាពហុកីឡដ្ឋានជាតិមរតកតេជោ។




ក្រុមម្ចាស់ផ្ទះកម្ពុជា នឹងប្រឈមជាមួយក្រុមអត្តពលិកមកពី ទីម័រខាងកើត ព្រុយណេ មីយ៉ាន់ម៉ា និង ឡាវ លើវិញ្ញាសាគូ និងឯកត្ដជន។ ការប្រកួតមាន ៣ កម្រិតអាយុ គឺ ក្រោម១៥ឆ្នាំ ក្រោម១៧ឆ្នាំ និងក្រោម២៣ឆ្នាំ។ លោក ឈិត សាមាន គ្រូបង្គោល ក្រុមកីឡាវាយសីជម្រើសជាតិកម្ពុជា បានឱ្យដឹងថា កីឡាករ កីឡាការិនី ដែលត្រូវបានជ្រើសរើសសុទ្ធតែជា យុវជនថ្នាល របស់ ក្រុមជម្រើសជាតិ និងយុវជនមានសមត្ថភាពខ្ពស់ដែលមកពីតាមបណ្ដាក្លិបមួយចំនួនទៀត។  នេះជាលើកទី២ហើយសម្រាប់កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះ នៃការប្រកួតយុវជនកម្រិតអន្តរជាតិដ៏ធំមួយខាងលើ បន្ទាប់ពីឆ្នាំ២០២៣ ដែលកាលណោះកម្ពុជាដណ្ដើមបានមេដាយ១៤គ្រឿង។ លោក ឈិត សាមាន រំពឹងថា ការប្រកួតឆ្នាំ២០២៥នេះ កូនក្រុមរបស់លោក នឹងអាចប្រជែងបានមេដាយច្រើនជាងមុន ព្រោះមានវិញ្ញាសាថ្មី គឺយុវជនអាយុក្រោម២៣ឆ្នាំ ដែលក្រុមកម្ពុជាក៏មានសមាសភាពល្អៗជាច្រើនដែរ។ ទាំងលោក ឈិត សាមាន និងក្រុមការងារ គ្រូបង្វឹក បានសំណូមពរដល់ ទស្សនិកជនចូលរួមទស្សនាព្រឹត្តិការណ៍ Badminton Asia Southeast Asia Regional Championships 2025 ឱ្យបានច្រើនដើម្បីជាកម្លាំងចិត្តដល់ ក្រុមអត្តពលិកកម្ពុជា៕