ភ្នំពេញ ៖
ឃាតករដែលចាប់រំលោភសេពសន្ធវៈ និង រឹតករសម្លាប់ក្មេងស្រីនៅក្នុងបន្ទប់ទឹក សាលាបឋមសិក្សាវត្តគ្រួស ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌព្រែកព្នៅ សហការ ជាមួយកម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់ចំនួន៣នាក់។
ឃាតករទាំង៣រូបនោះ ទី១-ឈ្មោះ ទៀន ផារ៉ែត ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះគ្មានលេខ ភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ជាអ្នករួមគំនិតសម្លាប់។ ទី២-ឈ្មោះ បូ ឧត្តម ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះគ្មានលេខ ភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ជាអ្នករួមគំនិតសម្លាប់។ ទី៣-ឈ្មោះ សុខ ច័ន្ទសុវណ្ណសេង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះគ្មានលេខ ភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានភ្នំពេញធ្លាប់ស្គាល់ជនរងគ្រោះតាំងពីក្មេងៗជាជនដៃដល់ អ្នករំលោភ និងសម្លាប់។
តាមនគរបាល បានឲ្យដឹងថាដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯ.ឧ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញកម្លាំងជំនាញ អធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ សហការជាមួយកម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបំបែកសំណុំរឿងករណីអំពើឃាកម្មដោយមានទារុណកម្ម អំពើឃោរឃៅ ឬ អំពើរំលោភសេពសន្ថវៈ (យកថ្នាំងងុយដេកដាក់ក្នុងភេសជ្ជៈឲ្យជនរងគ្រោះផឹក ហើយ រំលោភសម្លាប់ ប្លន់យកទ្រព្យសម្បត្តិជនរងគ្រោះ)កាលពីវេលាម៉ោង០១និង២៧នាទីយប់អាធ្រាត្រ ឈានចូលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចក្នុងបន្ទប់ទឹកសាលាបឋមសិក្សាវត្តគ្រួស ក្នុងវត្ដជេសដ្ឋាឧត្តម ហៅវត្តគ្រួស ផ្លូវជាតិលេខ៥ ភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
គួរបញ្ជាក់ថា ក្មេងស្រីរងគ្រោះ ឈ្មោះ វុទ្ធី លីណា អាយុ១៥ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅផ្ទះគ្មានលេខ ភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ត្រូវបានឃាតករចាប់រំលោភនិងរឹតកសម្លាប់នៅក្នុងបន្ទប់ទឹកហើយបង្ក ឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦និង៤០នាទីព្រឹកថ្ងៃទី២១ខែឧសភាឆ្នាំ ២០២៥ នៅចំណុចបន្ទប់ទឹកក្នុងសាលាបឋមសិក្សាវត្តគ្រួស ក្នុងភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ៕
