ភ្នំពេញ ៖
ខ្សែភ្លើងកង្ហារ បានដាច់រលាត់ហើយប៉ះជាមួយដែកទំពក់ដែលថ្ពក់ជាប់ជញ្ជាំងដែកទីសត្វឃាតដ្ឋានជ្រូកមួយកន្លែង បណ្ដាលឲ្យឆ្លងចរន្តឆក់កម្មករម្នាក់ស្លាប់បាត់បង់ជីវិត ។
ហេតុការណ៍ខាងលើ បានកើតឡើងកាលពីវេលាម៉ោង៥ព្រឹកថ្ងៃទី ០៦ ខែឧសភា ឆ្នាំ២០២៥ នៅ«សត្តឃាតដ្ឋានជ្រូក ភូមិតាឡី១៦៨»ស្ថិតនៅក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ វ៉ន ថៃ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកម្មករកាប់ជ្រូក មានទីលំនៅភូមិក្រាំងលាវ ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ស្នាក់នៅកន្លែងកើតហេតុខាងលើមានប្រពន្ធទើបសម្រាលកូនរួចនៅផ្ទះ ។
តាមប្រពពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅវេលាយប់រំលងអាធ្រាត្រថ្ងៃកើតហេតុបុរសរងគ្រោះ បានក្រោកធ្វើការកាប់ជ្រូក លុះដល់ពេលកើតហេតុ គាត់បានដើរទៅយកកាំបិត ហើយ បានប៉ះដៃជាមួយជញ្ជាំង ដែកដែលមានឆ្លងចរន្តអគ្គិសនី បណ្ដាលឲ្យឆក់ដួលផ្ងាកក្រោយ ។ ខណៈនោះ ត្រូវបានក្រុមការងារនៅទីសត្វឃាតនោះបញ្ជូនទៅកាន់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហៅមន្ទីរពេទ្យរុស្ស៊ី ដើម្បីសង្រ្គោះ ហើយពេលទៅដល់គ្រូពេទ្យ ប្រាប់ថាបុរសនោះស្លាប់ហើយ ទើបតម្កល់សពនៅក្នុងមន្ទីរពេទ្យនោះរង់ចាំដឹកយកទៅធ្វើបុណ្យនៅស្រុកកំណើត ។
ក្រោយកើតហេតុសមត្ថកិច្ច បានចុះទៅធ្វើកោសល្យវិច័យសាកសពនៅមន្ទីរពេទ្យ និងបានចុះទៅពិនិត្យដល់ទីតាំទីសត្តឃាតដ្ឋានជ្រូកខាងលើ ហើយបានរកមូលហេតុឃើញថា មានខ្សែកង្ហារដែលចាប់ជាប់ជញ្ជាំងដាច់រលាត់ប៉ះជាមួយដែកទំពក់ដែលថ្ពក់ជាប់ជញ្ជាំងដែកទីសត្តឃាតដ្ឋានជ្រូកនោះ ទើបឆ្លងចរន្ត បណ្ដាលឲ្យឆក់កម្មករម្នាក់នោះស្លាប់បាត់បង់ជីវិត បែបនេះតែម្ដង ៕