បន្ទាប់ពីបានប្រកួតមិត្តភាពតទល់គ្នារួចមកនារសៀលថ្ងៃសៅរ៍ ទី០៣ ខែឧសភា ឆ្នាំ២០២៥ នាអាងទឹកពហុកីឡដ្ឋានជាតិ (ស្តាតអូឡាំពិក) ក្រុមកីឡាបាល់ទឹកជម្រើសជាតិសិង្ហបុរីបានសរសើរពីឆន្ទៈក្រុមកីឡាបាល់ទឹកជម្រើសជាតិកម្ពុជា និងមើលឃើញពីបម្រែបម្រួលយ៉ាងវិជ្ជមានទាំងកាយសម្បទា និង ការយល់ដឹងពីបច្ចេកទេស។ នេះបើតាមការលើកឡើងពីលោក ហែម គិរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក។ 

ទាក់ទងទៅនឹងកង្វះខាតវិញ លោក ហែម គិរី បញ្ជាក់ថា គឺ បទពិសោធតែម្ដង ព្រោះមិនមានការប្រកួតឡើយ ចាប់តាំងពីចប់ស៊ីហ្គេម ២០២៣ នៅកម្ពុជា ទោះបីក្រុមនៅតែបន្តការហ្វឹកហាត់រហូតក្ដី។ ដូច្នេះហើយបានជាក្រុមសិង្ហបុរីលើកទឹកចិត្តក្រុមកម្ពុជាបន្តការហ្វឹកហាត់ និងប្រកួតឱ្យបានច្រើនដើម្បីទទួលបានបទពិសោធថែមទៀត។ 

ឆ្លើយតបទៅនឹងមតិយោបល់របស់ក្រុមសិង្ហបុរី លោក ហែម គិរី មានប្រសាសន៍ថា សហព័ន្ធខ្មែរកីឡាហែលទឹកមានគម្រោងបង្កើតជាការប្រកួតថ្នាក់ជាតិដោយមានការចូលរួមពីបណ្ដាក្លិបកីឡាបាល់ទឹកក្នុងស្រុក នាពេលឆាប់ៗខាងមុខ ហើយក៏មានការហ្វឹកហាត់ និងប្រកួតដកស្រង់បច្ចេកទេសនៅថៃក្នុងឆ្នាំ២០២៥ដដែលនេះ។ មិនតែប៉ុណ្ណោះ ភាគីម៉ាឡេស៊ីបានបង្ហាញការគាំទ្រប្រសិនបើចង់ក្រុមកីឡាបាល់ទឹកកម្ពុជាចង់ទៅប្រកួតមិត្តភាពនៅទីនោះ។

ជាមួយគ្នានេះ លោក ហែម គិរី បានបង្ហាញមោទកភាពចំពោះការរីកចម្រើនរបស់ក្រុមកីឡាបាល់ទឹកជម្រើសជាតិកម្ពុជាដែលទើបកកើតឡើងរយៈពេល២ឆ្នាំ។ ជាក់ស្ដែង ការប្រកួតស៊ីហ្គេម២០២៣ កម្ពុជារងបរាជ័យក្រោមថ្វីដៃក្រុមសិង្ហបុរីច្រើនគ្រាប់ តែពេលនេះចាញ់តិចតួចជាងមុន ៕