នៅថ្ងៃទី 29 ខែឧសភា ប្រព័ន្ធផ្សព្វផ្សាយកូរ៉េ ឌិស្ពែតឆ៍ (Dispatch) បានទទួលការអះអាងពី ហ្វេនថេជា (Fantagio) ដែលជាទីភ្នាក់ងាររបស់តារាចម្រៀង និងជាតារាសម្តែងដ៏មានប្រជាប្រិយ ឆា អ៊ឺនវ៉ូ (Cha Eun Woo) ថាគាត់នឹងចូលបម្រើការនៅក្នុងជួរទាហាននៅថ្ងៃទី 28 ខែកក្កដាខាងមុខនេះ។ យ៉ាងណាមិញបើងាកត្រលប់ទៅកាលពីអំឡុងខែមេសា គេដឹងថា ឆា អ៊ឺនវ៉ូ (Cha Eun Woo) បានដាក់ពាក្យសុំតំណែងជាអ្នកចម្រៀងនៅក្នុងក្រុមតន្ត្រីរបស់យោធា ហើយតារាប្រុសរូបនេះត្រូវបានគេហៅទៅសម្ភាសន៍នៅដើមខែឧសភាកន្លងទៅ និងបានជាប់ការសម្ភាសន៍ចុងក្រោយផងដែរ។ ទីភ្នាក់ងារនេះបាននិយាយថា ការចុះឈ្មោះចូលបម្រើការក្នុងជួរទាហាបរបស់ ឆា អ៊ឺនវ៉ូ (Cha Eun Woo) គឺមានភាពស្ងប់ស្ងាត់បំផុត។ ដោយឡែក មុននឹងចូលបម្រើក្នុងក្រុមតន្ត្រីរបស់យោធា ឆា អ៊ឺនវ៉ូ (Cha Eun Woo) ត្រូវឆ្លងកាត់ការហ្វឹកហ្វឺនមូលដ្ឋានគ្រឹះទាហានចំនួន 5 សប្តាហ៍ជាមុនសិន។

គួរឱ្យដឹងថា ឆា អ៊ឺនវ៉ូ (Cha Eun Woo) សមាជិកក្រុម អាស្ត្រូ (ASTRO) គឺជាសមាជិកទីពីរហើយ ដែលបានចូលបម្រើក្នុងជួរទាហាន បន្ទាប់ពី MJ។ ជាមួយគ្នា ក្រុមចម្រៀង អាស្ត្រូ (ASTRO) ក៏នឹងមានការប្រគុំតន្ត្រីនៅថ្ងៃទី ៧-៨ ខែកក្កដា ខាងមុខនេះ នៅ អ៊ីនឆន់ អ៊ីនស្ប៉ាយអឹដ៍ អឹរីណឺ (Incheon Inspire Arena) ខណៈពេលដែល ឆា អ៊ឺនវ៉ូ (Cha Eun Woo) បាននឹងកំពុងថតខ្សែភាពយន្តថ្មីឱ្យ Nexflix រឿង ដឹ វ៉ាន់ដឹ ហ្វ៊ូល (The WONDER Fools)៕