នៅក្នុងកម្មវិធី Met Gala 2025 កាលពីថ្ងៃចន្ទ ទី ៥ ខែឧសភា ថ្មីៗនេះ ទទួលបានការសាទរសារជាថ្មីពីមហាជននៅទូទាំងពិភពលោក និងមានកំពូលតារាល្បីៗមកពីជុំវិញពិភពលោកក៏បានចូលរួមផងដែរ។ ជាមួយគ្នានេះ ជេនី (Jennie) សមាជិកក្រុម BlackPink ក៏បានចូលរួមដើរលើកម្រាលព្រំក្រហម Met Gala នេះផងដែរ។ មិនត្រឹមតែបង្ករភាពភ្ញាក់ផ្អើលទៅកាន់អ្នកគាំទ្ររបស់ខ្លួនប៉ុណ្ណោះទេ សូម្បីតែអ្នកចូលរួម និងបណ្តាសារព័ត៌មានក៏មានការចាប់អារម្មណ៍ទៅលើនាងផងដែរ ដែលនៅក្នុងរាត្រីនោះ នាងបានស្លៀកឈុតម៉ូតសម្លៀកបំពាក់បែប អូតថ៍ឃូធ្យួរ៍ (Haute Couture) ពណ៌ខ្មៅ Classic បែបលំដាប់អភិជន ប៉ុន្តែបង្កប់នូវអត្ថន័យ ដែលស័ក្តិសមនឹងក្រុម ស៊ូភើរ៍ហ្វាន ថេយ៍ឡឺ ប្ល៊ែក ស្តាយល៍ (Superfine: Tailoring Black Style) ។

ឈុតនេះអាចនិយាយបានថា ជាឈុតដែលទាន់សម័យ និងធ្វើឡើងយ៉ាងប្រណិត ដោយតួឈុតមានការកាត់ដេរយ៉ាងយកចិត្តទុកដាក់បំផុត រួមទាំងគ្រឿងអលង្ការដែលពាក់ពីលើតួខ្លួនរបស់នាងទៀតសោត កាន់តែធ្វើឱ្យឈុតមួយនេះកាន់តែមានភាពថ្លៃថ្នូរថែមមួយកម្រិតទៀត ។

គួរឱ្យដឹងផងដែរថា នេះមិនមែនជាលើកទីមួយសម្រាប់ការចូលរួម Met Gala របស់តារាចម្រៀងស្រីនាង ជេនី (Jennie) នោះទេ ពោលគឺនៅឆ្នាំ ២០២៣ និង ឆ្នាំ ២០២៤ នាងក៏ធ្លាប់បានដើរលើកម្រាលព្រំក្រហមរបស់កម្មវិធី Met Gala នេះផងដែរ ៕