ជើងខ្លាំងមកពីខេត្តបន្ទាយមានជ័យកីឡាករ សុខ រិទ្ធ នៅតែបន្តកំណត់ត្រាដ៏ល្អរបស់ខ្លួននៅលើសង្វៀន DAZZ អ្នកចម្បាំងគុនខ្មែរ ដោយបានប្រើរន្ទៈជើងទាត់ទៅចំចុងចិញ្ចើមកីឡាករបារាំង Adrien Da Silva ធ្វើឲ្យបែកចេញឈាមតាំងពីទឹកទី១ ប៉ុន្តែកីឡាករបារាំងម្នាក់នោះនៅតែអាចតស៊ូបានរហូតដល់ចប់ ៣ទឹក ចៅក្រមសម្រេចឲ្យ សុខ រិទ្ធ ឈ្នះដោយពិន្ទុ។
ប៉ុន្តែគួរឲ្យសោកស្តាយសម្រាប់កីឡាករ ទូច ដេវីត កំពុងតែវាយសន្ធប់ទៅលើកីឡាករអ៊ីរ៉ង់ Mahdi Karimi យ៉ាងខ្លាំង ប៉ុន្តែបែរជាភ្លាត់ធ្វើខុសលក្ខខណ្ឌក៏ត្រូវគណៈវិនិច្ឆ័យសម្រេចឲ្យចាញ់នៅក្នុងទឹកទី១ តែម្តង។
រីឯ ១គូទៀតជាជំនួបរវាងកីឡាការិនី ទួន ស្រីពីន និងកីឡាការិនីអ៊ីរ៉ង់ Nilourfa Nematpour ។ កីឡាការិនីទាំង២ធ្វើបានល្អដូចគ្នាដោយវាយសងគ្នាលឿនៗតាំងពីទឹកទី១ ប៉ុន្តែ ស្រីពីន អាចវាយចំគោលដៅបានច្បាស់ៗល្អជាង ទើបចៅក្រមសម្រេចប្រគល់ជ័យជម្នះទៅឲ្យកីឡាការិនីគុនខ្មែរ ក្រោយតស៊ូគ្នាយ៉ាងស្វិតស្វាញពេញ ៣ទឹក។
គូមិត្តភាព ១គូទៀត កីឡាករ សែន ឈិនឡុង បានចំណាយពេលត្រឹមតែ ១ទឹកប៉ុណ្ណោះក្នុងការផ្តួលកីឡាករ ម៉ន សំណាង ឲ្យសន្លប់តាមរយៈការប្រើស្នៀងជង្គង់ពិសេស។
លុះចូដល់គូម៉ារ៉ាតុនដណ្តើមពាន និងប្រាក់លាន កីឡាករ រិទ្ធី លីម៉ូ បានទម្លាក់កីឡាករ សូត្រ ទិត្យ នៅជុំទី១ ខណៈកីឡាករ ម៉ាលី អគ្គិនេត្រ បានដាល់ពេញផ្ទៃមុខឲ្យកីឡាករ វីរៈ សុខា សន្លប់ស្តូកនៅទឹកទី១។ ដូច្នេះ អ្នកទាំង២ បានឡើងទៅជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រដណ្តើមពានម៉ារ៉ាតុន។ ម៉ាលី អគ្គិនេត្ត នៅតែធ្វើបានល្អដោយប្រើកណ្តាប់ដៃរង្វង់ព្រះច័ន្ទផ្តួលកីឡាករ សូត្រ ទិត្យ ឲ្យសន្លប់នៅចុងទឹកទី១។ ដូច្នេះ នៅក្នុងកម្មវិធី DAZZ អ្នកចម្បាំងគុនខ្មែរនៅសប្តាហ៍នេះ ម្ចាស់ពានម៉ារ៉ាតុនប្រាក់លាន ប្រភេទទម្ងន់ ៥៧គីឡូក្រាម បានទៅលើកីឡាករ ម៉ាលី អគ្គិនេត្រ មកពីក្លឹប NPN ស សុម៉ាលីគុនខ្មែរ។
សូមបញ្ជាក់ថា កម្មវិធី DAZZ អ្នកចម្បាំងគុនខ្មែររៀបចំធ្វើឡើងជារៀងរាល់ថ្ងៃអាទិត្យ ចាប់ពីវេលាម៉ោង ៦ល្ងាចតទៅ នៅស្ទូឌីយ៉ូប្រដាល់ប៉ុស្តិ៍លេខ៥ ព្រែកកំពឹស និងបើកជូនពុកម៉ែបងប្អូនចូលទស្សនាដោយសេរី! កម្មវិធីទទួលបានការឧបត្ថមផ្តាច់មុខដោយ!