នៅថ្ងៃទី 20 ខែឧសភា មានការរាយការណ៍មួយថា យ៉េរិ (Hyeri) កំពុងពិចារណាសម្តែងក្នុងរឿងភាគថ្មីដែលមានចំណងជើងថា ឈែរ៍ថាម "Chair Time" (ឈ្មោះមិនផ្លូវការ)។ យ៉ាងណាមិញ បើយោងតាម ទីភ្នាក់ងារ សាបឡាម (SUBLIME) បានឆ្លើយតបទៅនឹងការរាយការណ៍នេះថា "នាងបានទទួលការស្នើសុំដើម្បីសម្តែងក្នុងរឿងនេះ ហើយក៏កំពុងស្ថិតនៅក្រោមការពិចារណាដូចគ្នា” ។
ឈែរ៍ថាម (Chair Time) ជាខ្សែភាពយន្តនិយាយពីរឿងរ៉ាវរបស់ លី អ៊ីនយ៉ុង (Lee In Young) ដែលជានាយកប្រតិបត្តិ និង ជាទន្តពេទ្យស្រី ប៉ុន្តែនាងបានជួបនូវរឿងដ៏អាក្រក់មួយនៅក្នុងជីវិត និងបានធ្វើឱ្យជីវិតរបស់នាងមានការធ្លាក់ដុនដាប។ ក្រោយមកនាងក៏បានជួបនឹង ជូ ជីស៊ូ (Jo Chi Soo) ពេទ្យធ្មេញដ៏ចម្លែកម្នាក់ និងបានធ្វើឱ្យពួកគេទាំងពីរបានផ្សារភ្ជាប់បេះដូងជាមួយគ្នា។
តាមការរាយការណ៍ យ៉េរិ (Hyeri) ត្រូវបានស្នើរសុំឱ្យសម្តែងជាតួ លី អ៊ីនយ៉ុង (Lee In Young) ដែលជាទន្តពេទ្យ និងជាទីប្រឹក្សាគ្លីនិកដ៏មានសមត្ថភាព។
គួរឱ្យដឹងថា យ៉េរិ (Hyeri) ត្រូវបានមហាជនស្គាល់តាមរយៈរឿង រីផ្លេ (Reply) 1988, ម៉ាយ រ៉ូមមែត អ៊ីស អឹ ហ្គូមីនហូ (My Roommate Is a Gumiho), និង វ៉ីកថឹរី (Victory) ហើយរឿងថ្មីចុងក្រោយរបស់នាងដែលបាននឹងកំពុងទទួលបានការគាំទ្រខ្លាំងពីមហាជនគឺរឿង ហ្វ្រេនលី រ៉ាយវ៉លលី (Friendly Rivalry)។ ដោយភាពជោគជ័យលើរឿងនេះ នាងក៏កំពុងត្រៀមខ្លួនធ្វើកម្មវិធីជួបជុំអ្នកគាំទ្ររបស់នាងផងដែរ៕