ថ្មីៗនេះ តារាចម្រៀងរ៉េប Kingchi បានប្រកាសលក់ផ្ទះមួយកន្លែងនៅខេត្តបាត់ដំបង មូលហេតុគឺដើម្បីយកលុយមកព្យាបាលជំងឺប្រពន្ធរបស់លោក។ យ៉ាងណាមិញបើយោងតាមការបង្ហោះនៅលើគណនេយ្យហ្វេសប៊ុករបស់តារាចម្រៀងរ៉េបរូបនេះ កាលពីអំឡុងថ្ងៃទី ៦ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា ប្រពន្ធរបស់លោកកំពុងកើតមានជំងឺដ៏កាចសាហាវ និងត្រូវការលុយជាច្រើនដើម្បីវះកាត់ប្តូរក្រលៀនផងដែរ។ ជាមួយដំណឹងដ៏ភ្ញាក់ផ្អើលនេះ បានធ្វើឱ្យមហាជន និងបណ្តាសិល្បករ សិល្បការិនី បង្ហាញក្តីបារម្ភចំពោះសុខភាពប្រពន្ធតារាចម្រៀងនេះជាខ្លាំង។ 

ដោយឡែក បន្ទាប់ពីព័ត៌មាននេះត្រូវបានផ្សព្វផ្សាយពេញបណ្តាញសង្គមរួចមក សិល្បករ សិល្បការិនី ជាច្រើន ក៏មិនបានឈរឱបដៃមើលនោះដែរ ដោយពួកគេបានកៀរគរគ្នា ចូលរួមជាថវិកាបន្តិចបន្តួចតាមសណ្តានចិត្តរៀងៗខ្លួន ដើម្បីជួយសម្រាលបន្ទុករបស់ក្រុមគ្រួសារតារាចម្រៀងនេះ។ 

ក្នុងនោះសិល្បករ សិល្បការិនី ដែលបានជួយជាថវិកាមានដូចជា អ្នកនាង ខាត់ សុឃីម ៥០ ដុល្លារ, លោក Allergy Ray ១៥០ ដុល្លារ, លោក វណ្ណដា ៥ ០០០ ដុល្លារ, លោក វណ្ណថាន ៧០ ដុល្លារ, Djក្តឹប ១០០ ដុល្លារ, លោក នាង ដាវីន ៥០ ដុល្លារ និងសិល្បករ សិល្បការិនីជាច្រើនរូបទៀត។ 

ក្រៅពីនេះ ក៏មានមិត្តភក្តិ បងប្អូនជាច្រើនក៏បានចូលរួមជាថវិកាខ្លះៗ និងបានលើកទឹកចិត្ត និងជូនពរឱ្យប្រពន្ធរបស់តារាចម្រៀងរ៉េប KingChi រួចផុតពីជំងឺដ៏កាចសាហាវនេះផងដែរ៕