នៅរសៀលថ្ងៃទី ២៨ ខែឧសភា កន្លងទៅនេះ ទំព័រហ្វេសប៊ុកផ្លូវការរបស់ Miss Grand International បានចេញសេចក្តីប្រកាសមួយ ផ្ទុះការភ្ញាក់ផ្អើលពេញបណ្តាញសង្គម។ នៅក្នុងសេចក្តីប្រកាសនោះ មានខ្លឹមសារយ៉ាងដូច្នេះថា ស្ថាប័ន MGI បានប្រកាស បញ្ចប់តំណែង Miss Grand International 2024 ពីកញ្ញា រ៉ាឆែល គុបតា (Rachel Gupta)។
មូលហេតុនៅពីក្រោយការដកហូតតំណែងនេះក៏ដោយសារតែបវរកញ្ញារូបនេះខកខានក្នុងការបំពេញភារកិច្ចដែលខាងស្ថាប័នបានកំណត់, ការចូលរួមសកម្មភាពផ្សេងៗដោយគ្មានការយល់ព្រមជាមុនពីស្ថាប័ន និងការបដិសេធរបស់នាងក្នុងការធ្វើដំណើរដែលបានគ្រោងទុកទៅកាន់ប្រទេសហ្គាតេម៉ាឡា។
បន្ទាប់ពីចេញសេចក្តីប្រកាសបែបនេះភ្លាម ស្ថាប័ននេះក៏បានហាមមិនឱ្យនាងប្រើប្រាស់ងារជា Miss Grand International 2024 បន្តទៀត ផងដែរ។ ថែមទាំងឱ្យនាងប្រគល់មកុដទៅការិយាល័យកណ្តាល MGI វិញក្នុងរយៈពេល 30 ថ្ងៃគិតចាប់ពីថ្ងៃជូនដំណឹងនេះទៀតផង។
ដោយឡែកកញ្ញា រ៉ាឆែល គុបតា (Rachel Gupta) ដែលជាអតីតម្ចាស់មកុដខាងលើ ក៏បានចេញសារមួយ ឱ្យដឹងដូចគ្នាដែរថា ក្រោយពេលដែលនាងបានគ្រងមកុដអស់ជាច្រើនខែកន្លងមកនេះ នាងបានជួបរឿងរ៉ាវជាច្រើន ជាមួយបរិយាកាស Toxic ដែលមិនអាចធ្វើឱ្យនាងបន្តដំណើរជាមួយស្ថាប័ននេះបាន។
នាងក៏បានបញ្ជាក់ដែរថា នៅប៉ុន្មានថ្ងៃខាងមុខនេះ នាងនឹងបញ្ចេញវីដេអូឃ្លីបមួយ ដើម្បីចែករំលែកព័ត៌មានលំអិតអំពីដំណើរដ៏លំបាកមួយនេះ។
គួរឱ្យដឹងថា នេះមិនមែនជាលើកដំបូងក្នុងការដកតំណែងពីបវរកញ្ញាដែលបានឈ្នះមកុដធំរបស់ស្ថាប័ន MGI នោះទេ ដោយឆ្នាំ ២០១៥ នាង អេនៀ ហ្គាស៊ា (Anea Garcia) បវរកញ្ញាមកពីសាធារណរដ្ឋដូមីនិក ម្ចាស់មកុដ Miss Grand International 2015 ក៏ធ្លាប់ត្រូវបានស្ថាប័ននេះដកហូតតំណែងជាលើកដំបូង, ក្រោយមកទៀត នៅឆ្នាំ២០១៩ នាង ខ្លៀ អេលីហ្សាប៊ីត ផាខឹរ៍ (Claire Elizabeth Parker) បវរកញ្ញាមកពីប្រទេសអូស្ត្រាលី ម្ចាស់មកុដ Miss Grand International 2019 ត្រូវបានស្ថាប័ននេះដកហូតតំណែងដូចគ្នា ហើយហេតុការណ៍ថ្មីៗនេះ ដែលបានកើតឡើងទៅលើ នាង រ៉ាឆែល គុបតា (Rachel Gupta) បវរកញ្ញាមកពីប្រទេសឥណ្ឌា ម្ចាស់មកុដ Miss Grand International 2024 ក៏ត្រូវបានស្ថាប័ននេះដកហូតតំណែងផងដែរ៕