នៅលើបណ្តាញសង្គមមានការចែករំលែកព្រោងព្រាត ជាពិសេសអ្នកដែលស្នេហាវិស័យប្រកួតសម្រស់ផ្ទាល់តែម្តង ដោយកាលពីថ្ងៃទី ១៩ ខែ ឧសភា កន្លងទៅនេះ អជ្ញាធរប្រទេសវៀតណាម បានធ្វើការឃាត់ខ្លួនបណ្តោះអាសន្ន កញ្ញា ង្វៀន តុក តុយ ទៀន (Nguyen Thuc Thuy Tien) ពាក់ព័ន្ធនឹង ឆបោកទំនុកចិត្តអ្នកប្រើប្រាស់ តាមរយៈការចូលរួមចំណែកផ្សព្វផ្សាយនិងចែកចាយផលិតផល “នំបន្លែ Kera”។ 

កញ្ញា ង្វៀន តុក តុយ ទៀន (Nguyen Thuc Thuy Tien) ត្រូវបានគេដឹងថា ជាបវរកញ្ញាប្រទេសវៀតណាមដ៏មានកេរ្តិ៍ឈ្មោះល្បីល្បាញមួយរូប បន្ទាប់ពីទទួលបានតំណែងជាម្ចាស់ជ័យលាភីលេខ១ ពីវេទិកាប្រកួតសម្រស់ Miss Grand International នៅក្នុងឆ្នាំ២០២១។

ទន្ទឹមនឹងព័ត៌មានកំពុងល្បីខ្ទរខ្ទារពេញពិភពលោកបែបនេះ កញ្ញា ប៉ូគីមថេង សុតធីតា ដែលជាបវរកញ្ញារួមជំនាន់ប្រកួតនៅក្នុងកម្មវិធីខាងលើ ជាមួយកញ្ញា ង្វៀន តុក តុយ ទៀន (Nguyen Thuc Thuy Tien) ក៏បានធ្វើការលើកទឹកចិត្តពីចម្ងាយឱ្យបវរកញ្ញាវៀតណាមរូបនេះទទួលបានភាពល្អប្រសើរមកវិញផងដែរ។

យ៉ាងណាមិញក្រោយពីកញ្ញា ប៉ូគីមថេង សុតធីតា ចែករំលែកសារផ្ទាល់ខ្លួនបែបនេះរួចមក ស្រាប់តែមានមហាជនមួយចំនួនសម្តែងការមិនពេញចិត្តចំពោះបវរកញ្ញាខ្មែររូបនេះជាខ្លាំង។ ជាមួយនឹងការមិនពេញចិត្តរបស់មហាជន សុតធីតា ក៏បានកែសម្រួលសារចែករំលែករបស់ខ្លួន និងបានតបទៅកាន់មហាជនវិញតាមរយៈការ Comment ដែលមានខ្លឹមសារយ៉ាងដូច្នេះថា៖ “បងប្អូនអើយ ការជូនពររបស់ខ្ញុំគ្រាន់តែជាសីលធម៌របស់មនុស្សដែលធ្លាប់ស្គាល់គ្នាទេ មិនមែនការជូនពររបស់ខ្ញុំអោយគាត់រួចពីទោសទេ ច្បាប់គឺច្បាប់ ច្បាប់គេចេះចាត់ចែងនិងដោះស្រាយហើយ  កុំមកតឹងតែងដាក់ខ្ញុំអី ចាំខ្ញុំប្តូរខេបសិនចេញកុំអោយបងប្អូនមិនសប្បាយចិត្តថែម”៕