ចាត់ទុកថាជាព័ត៌មានធំកក្រើកវិស័យប្រកួតសម្រស់ ដោយកាលពីថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៥ កន្លងទៅ យោងតាមបណ្តាញផ្សព្វផ្សាយរបស់ប្រទេសវៀតណាមបានឱ្យដឹងថា ង្វៀន តុក តុយ ទៀន (Nguyen Thuc Thuy Tien) ម្ចាស់មកុដ Miss Grand International 2021 ត្រូវបានមន្ត្រីសមត្ថកិច្ចចាប់ខ្លួនពីបទ “ឆបោកប្រជាជន” តាមរយៈការចូលរួមចំណែកផ្សព្វផ្សាយនិងចែកចាយផលិតផល “នំបន្លែ Kera” ដែលត្រូវបានគេដឹងថា ជាផលិតផលក្លែងក្លាយ។
តាមការស៊ើបសួរ បវរកញ្ញារូបនេះប្រាប់ថា នាងបានចូលរួមក្នុងការមើលការខុសត្រូវការផលិត និងការលក់ដូរស្ករគ្រាប់បន្លែ Kera ចាប់តាំងពីអំឡុងខែធ្នូ ឆ្នាំ ២០២៤ មកម្ល៉េះ។ យ៉ាងណាមិញ បន្ទាប់ពីនាងបានធ្វើការ Live លក់ផលិតផលខាងលើ និងឃើញថាផលិតផលគួរឱ្យចាប់អារម្មណ៍ទើបនាងសម្រេចចិត្ត ចូលរួមចំណែកជាមួយក្រុមហ៊ុននោះ ដោយគិតថា អតិថិជនអាចនឹងមានការទិញផលិតផលនេះ តាមរយៈនាងដែលមានកេរ្តិ៍ឈ្មោះល្បីស្រាប់។
ក្រៅពីនេះ តាមលទ្ធផលដែលបានសាកសួរនៅរកឃើញបន្ថែមថា ង្វៀន តុក តុយ ទៀន (Nguyen Thuc Thuy Tien) នាងបានដឹងច្បាស់ថា នំបន្លែ Kera មានបរិមាណជាតិសរសៃតិច និងស្ទើរតែមិនមានគុណប្រយោជន៍ជាអាហារបំប៉នសម្រាប់អ្នកដែលមិនចូលចិត្តបរិភោគបន្លែ ដូចដែលខ្លួនបានអះអាងកន្លងមកនោះឡើយ។ នេះរាប់ទុកថា ជាការរួមចំណែកក្នុងការផ្សព្វផ្សាយផលិតផលលើសពីការពិត ដែលទង្វើរនេះបានធ្វើឱ្យអ្នកបរិភោគមានការជឿទុកចិត្តនិងសម្រេចចិត្តទិញផលិតផលក្លែងក្លាយនេះជាច្រើន។
គួរឱ្យដឹងថា ង្វៀន តុក តុយ ទៀន (Nguyen Thuc Thuy Tien) គឺជាបវរកញ្ញាដ៏អស្ចារ្យនៃវៀតណាមឆ្នាំ ២០២១ និងបានចូលរួមប្រកួតនៅក្នុងកម្មវិធី Miss Grand International 2021 នៅប្រទេសថៃ ថែមទាំងបានឈ្នះមកុដលេខ១ពីកម្មវិធីនេះផងដែរ៕