កម្មវិធីប្រកួតសម្រស់ដ៏ធំ និងចំណាស់មួយនៅលើពិភពលោក Miss World 2025 បាននឹងកំពុងដំណើរការប្រកួតរបស់ខ្លួនហើយ ដែលនៅក្នុងឆ្នាំនេះ គឺជាលើកទី ៧២ ហើយ ក្នុងការប្រកួតប្រជែង។ ជាមួយគ្នានេះ ប្រទេសឥណ្ឌា គឺជាម្ចាស់ផ្ទះសម្រាប់កម្មវិធីខាងលើ ដែលកាលពីឆ្នាំ ២០២៤ ប្រទេសនេះក៏ធ្លាប់បានធ្វើជាម្ចាស់ផ្ទះម្តងរួចមកហើយ។ ដោយឡែក កញ្ញា ហ្សូលីយ៉ា រ៉ូសស្យែល គឺជាបេក្ខនារីដែលនឹងត្រូវតំណាងឱ្យប្រទេសកម្ពុជាទៅចូលរួមប្រកួតប្រជែងដណ្តើមមកុដជាមួយបេក្ខនារីមកពីជុំវិញពិភពលោកជាង ១០០ ប្រទេស។ កញ្ញា ហ្សូលីយ៉ា រ៉ូសស្យែល ត្រូវបានគេដឹងថា ជាកូនកាត់ ខ្មែរ អង់គ្លេស ដែលមានវ័យត្រឹមតែ ១៨ ឆ្នាំ ប៉ុណ្ណោះ។ ដ្បិតថានាងមានវ័យក្មេងក៏ពិតមែន ប៉ុន្តែនាងមិនខ្លាចក្នុងការទៅតំណាងឱ្យប្រទេសកម្ពុជានៅលើឆាកអន្តរជាតិនោះទេ។ នាងថា នេះគឺជាក្តីស្រមៃដែលធ្លាប់ប៉ងកាលពីនៅវ័យក្មេងមកម្ល៉េះ។ ទន្ទឹមនឹងការប្រកួតនេះ ស្រីស្រស់ខាងលើ បានត្រៀមខ្លួនជាច្រើនទៅលើការរៀបចំខ្លួន ការហាត់ដើរ ការនាំយកគម្រោង រីតដីង វីត ជូលៀ “Reading With Julia” ទៅប្រកួតនៅក្នុងវគ្គ ប៊ីយូធី វីត ផឹផឹស (Beauty With Purpose) និងអ្វីដែលមិនអាចខ្វះបាននោះគឺ ការពាំនាំវប្បធម៌ដ៏ល្អផូរផង់របស់ខ្មែរទៅបង្អួតនៅលើឆាកអន្តរជាតិមួយនេះផងដែរ ។

ដោយឡែក កាលពីព្រឹកថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២៥ កន្លងទៅនេះ កញ្ញា ហ្សូលីយ៉ា រ៉ូសស្យែល បានធ្វើដំណើរចាកចេញពីមាតុភូមិទៅចូលរួមប្រកួត Miss World លើកទី ៧២ នៅឯប្រទេសឥណ្ឌាហើយ។ ជាមួយកម្លាំងចិត្ត ការគាំទ្រ និងជួយជ្រោមជ្រែងពីក្រុមហ៊ុន CIM, ហាងមាសពេជ្រ CSNJ និងបណ្តាអ្នកគាំទ្ររបស់ខ្លួន បវរកញ្ញារូបនេះបានប្តេជ្ញាចិត្តថា នឹងព្យាយាមឱ្យអស់ពីសមត្ថភាព និងព្យាយាមធ្វើឱ្យបានល្អគ្រប់វិញ្ញាសានៃការប្រកួតផងដែរ ។

គួរឱ្យដឹងថា ការប្រកួត Miss World លើកទី៧២ នៅប្រទេសឥណ្ឌានេះ នឹងចាប់ផ្តើមការប្រកួតរបស់ខ្លួនពីថ្ងៃទី ៧ ឧសភា ដល់ថ្ងៃទី ៣១ ឧសភា ឆ្នាំ២០២៥ ៕