បុរសឯកកម្ពុជាក្រោម ដែលខំស្កាត់ពីនាយធ្លាក់អាយ ត្រូវបានគេដឹងថា មានការអំណត់ជាខ្លាំងនៅក្នុងវិស័យប្រកួតសម្រស់ បើទោះបីជាធា្លប់បរាជ័យទាំងនៅក្នុងការប្រទេសកម្ពុជា និងវៀតណាមក្តី។ មិនត្រឹមតែមានការពុះពារប៉ុណ្ណោះទេ បុរសឯករូបនេះ ក៏ដាក់ចិត្តដាក់កាយស្រឡាញ់វិស័យមួយនេះខ្លាំងមិនតិចនោះដែរ ដោយលោកបានឱ្យដឹងថា រាល់ការប្រកួតម្តងៗគឺត្រូវចំណាយថវិកាច្រើន ទៅលើការធ្វើដំណើរ សម្លៀកបំពាក់ និងការចាយវាយផ្សេងៗ។ ដោយមើលឃើញពីការចំណាយដ៏ច្រើនលើសលប់ដូចនេះ ឪពុកម្តាយរបស់លោក បានឱ្យលោកបញ្ឈប់នូវក្តីស្រមៃមួយនេះ និងបានឱ្យលោកងាកទៅធ្វើមុខជំនួញផ្សេងវិញ ប៉ុន្តែដោយចិត្តស្រឡាញ់ លោកក៏បានបដិសេធ និងបន្តដើរតាមក្តីស្រមៃជាបុរសឯករបស់ខ្លួន។ ថាច់ ខេមរា ធ្លាប់បានបង្ហាញខ្លួននៅលើវេទិកាប្រកួតសម្រស់អន្តរជាតិម្តង ដោយតំណាងឱ្យប្រទេសវៀតណាមនៅក្នុងកម្មវិធី Mister Global ឆ្នាំ ២០២២ ដោយទទួលបានតំណែងកំពូល ១៥ រូបចុងក្រោយ។ ក្រោយមកទៀត លោកក៏បានចូលរួមប្រកួត Mister Vietnam 2024 ដោយទទួលបានតំណែងកំពូល ១០ រូបចុងក្រោយ។ យ៉ាងណាមិញនៅឆ្នាំ ២០២៥ ខេមរា បានធ្វើដំណើរមកប្រទេសកម្ពុជា និងបានចូលរួមប្រកួតនៅក្នុងកម្មវិធី Mister Supranational Cambodia។ ជាមួយរូបរាងខ្ពស់ស្រឡះ និងស្រស់សង្ហា មហាជនបានដាក់ក្តីរំពឹងថា ប្រុសស្អាតរូបនេះ អាចនឹងឈានទៅដល់តំណែងកំពូលទាំង ៥ របស់កម្មវិធី ប៉ុន្តែគួរឱ្យសោកស្តាយ ខេមរា អាចឈានបានត្រឹមតំណែងកំពូល ១០ រូបចុងក្រោយប៉ុណ្ណោះ។ លោកបានឱ្យដឹងថា ចំពោះលទ្ធផលដែលលោកទទួលបានពីការប្រកួតខាងលើ លោកមិនមានការអាក់អន់ស្រពន់ចិត្តទៅលើអ្នករៀបចំកម្មវិធីនោះឡើយ ដោយលោកបានទទួលស្គាល់សមត្ថភាពរបស់ខ្លួនឯងថានៅមានកម្រិត។

ដោយឡែក កាលពីពេលថ្មីៗកន្លងទៅនេះ បុរសឯកសម្បុរខ្មៅស្រស់ខាងលើ បានបង្ហាញខ្លួនយ៉ាងភ្ញាក់ផ្អើលចូលរួមប្រកួតនៅក្នុងកម្មវិធី Mister International Cambodia ដោយក្នុងនោះលោកក៏បានសន្យាផងដែរថា ការត្រលប់មកវិញម្តងទៀតនេះ លោកនឹងព្យាយាមធ្វើឱ្យបានល្អជាងមុនថែមទៀត មិនឱ្យអ្នកគាំទ្រមានការខកបំណងឡើយ៕