ភ្នំពេញ៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានបើកវគ្គសិក្សាសាមគ្គីអូឡាំពិក ស្ដីពីរដ្ឋបាលកីឡា និងបំផុសចលនាអូឡាំពិក នៅក្នុងខេត្តបន្ទាយមានជ័យ ក្នុងទិសដៅជំរុញការយល់ដឹងពី របៀបរបបធ្វើការងារនៅក្នុងរចនាសម្ព័ន្ធរដ្ឋបាលរបស់កីឡាថ្នាក់ជាតិ ដែលមានរចនាសម្ព័ន្ធផ្នែកគ្រប់គ្រង និងអភិវឌ្ឍកីឡារបស់ក្រសួងអប់រំយុវជន និងកីឡា ព្រមទាំងរចនាសម្ព័ន្ធរបស់ចលនាអូឡាំពិក ដែលត្រូវធ្វើការជំនាញជាមួយនឹងក្លិប សហព័ន្ធជាតិ និង សហគមន៍កីឡាផ្សេងៗទៀត។
វគ្គបណ្ដុះបណ្ដាលនេះមានសិក្ខាកាមជាមន្ត្រី ថ្នាក់ដឹកនាំកីឡា និងជាគ្រូអប់រំកាយ និងកីឡា ចំនួន២៥នាក់ សិក្សារយៈពេល៤ថ្ងៃ ពោលចាប់ពីថ្ងៃទី ២៦-២៩ ខែឧសភា ឆ្នាំ២០២៥ ក្រោមការឧបត្ថម្ភគាំទ្ររបស់អង្គការសាមគ្គីអូឡាំពិកអន្តរជាតិ (OS) ។ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មានប្រសាសន៍ថា៖«វគ្គរដ្ឋបាលកីឡានេះ ផ្តោតលើរចនាសម្ព័ន្ធនៃចលនាកីឡា ដើម្បីបញ្ជ្រាសារ និងការយល់ដឹងដល់សិក្ខាកាម អំពីចលនាកីឡា ប្រវត្តិនៃការកកើតឡើងរបស់កីឡាអូឡាំពិក និងយល់ដឹងអំពីរបៀបរបបការងាររបស់សហព័ន្ធ ពិសេសគឺការធ្វើឲ្យមន្ដ្រីរបស់សហព័ន្ធ និងមន្ដ្រីកីឡា ដែលត្រូវយល់ដឹងនូវភាពជាអ្នកដឹកនាំក្នុងវិស័យកីឡា» ។
ឯកឧបត្តមបន្តថា៖ ភាពជាអ្នកដឹកនាំកីឡា គឺផ្តោតទាំងមេរៀនទូទៅ នៃភាពជាអ្នកដឹកនាំ និងជំនាញឯកទេស នៃការដឹកនាំ និងគ្រប់វិស័យកីឡា ដែលស្របតាមគោលការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការធ្វើកំណែទម្រង់តាមអង្គភាព ពិសេសធ្វើបច្ចុប្បន្នកម្មកីឡាជាប្រចាំ ដើម្បីរុញឲ្យប្រសិទ្ធភាព និងលទ្ធផលជាក់ស្ដែងក្នុងវិស័យកីឡា មានសន្ទុះ និងការវិវឌ្ឍន៍ពិតប្រាកដ ។ឯកឧត្តមសង្កត់ធ្ងន់ថា៖ វគ្គនេះមានសារៈសំខាន់ណាស់ សម្រាប់ខេត្តបន្ទាយមានជ័យនេះ ដោយសារកន្លងមកខេត្តនេះខានទទួលបានវគ្គនេះជិត១០ឆ្នាំមកហើយ ។ ហើយវាអាចជាគន្លឹះមួយដែលអភិវឌ្ឍ មូលធនមនុស្សផ្នែកវិស័យអប់រំកាយ និងកីឡានៅទីនេះបានល្អ។ជាមួយគ្នានេះផងដែរឯកឧត្តម វ៉ាត់ ចំរើន ក៍សង្ឃឹមថា វគ្គខ្លីមួយនេះនឹងធ្វើឱ្យគ្រូអប់រំការយ និងកីឡាទទួលបានជំនាញច្បាស់លាស់ វិធីសាស្ត្រសំខាន់ៗ និងបច្ចេកទេសល្អៗ ដល់សិក្ខាទាំង២៥នាក់នេះ ដើម្បីជាប្រយោជន៍ ទៅដល់ការអនុវត្តផ្ទាល់របស់ពួកគាត់នៅតាមមូលដ្ឋាន និងទីកន្លែងរបស់ពួកគាត់។
គួបញ្ជាក់ផងដែរថា៖ វគ្គនេះដែរមានគ្រូឧទ្ទេស ចំនួន៥នាក់ ដោយក្នុងនោះទី១មាន ឯកឧត្តម វ៉ាត់ ចំរើ បង្រៀនអំពី អត្ថប្រយោជ៍អប់រំកាយកីឡា និងឥទ្ធិពលព្រឹត្តិការណ៍កីឡា ក្នុងសង្គមជាតិ, រចនាសម្ព័ន្ធវិស័យកីឡា, ភាពនិងផែនការកម្មវិធីហ្វឹកហាត់។គ្រូឧទ្ទេសទី២ លោកស្រី សាស្ត្រាចារ្យវេជ្ជបណ្ឌិត ហួត ចាន់ធានី អនុប្រធានគណៈកម្មការវេជ្ជសាស្ត្រាកីឡា អបគណៈកម្មាធិកាជាតិអូឡាំពិកកម្ពុជា បង្រៀនស្ដីពី វេជ្ជសាស្ត្រាកីឡា ។ គ្រូឧទ្ទេសទី៣ លោក ឯម ហៀង ទីប្រឹក្សាប្រចាំការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ស្ដីពី ការរៀបចំព្រឹត្តិការណ៍កីឡា និងការៀបចំរូបមន្តប្រកួត។គ្រូឧទ្ទេសទី៤ ឯកឧត្តម ណយ ផាណា ទីប្រឹក្សាប្រចាំការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ស្ដីពី ការកំណត់អត្តសញ្ញាណទេពកោសល្យ ឬនិស្ស័យ (កីឡាករការិនី), ផែនការធ្វើដំណើររបស់គណៈប្រតិភូ និង គ្រូឧទេ្ទសទី៥ ឯកឧត្តម ប៊ុយ សុភ័ណ្ឌ ទីប្រឹក្សាប្រចាំការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ស្ដីពី ប្រវត្ត និងមូលដ្ឋានគ្រឹះ នៃទស្សនៈវិជ្ជាអូឡាំពិក, គោលការណ៍ នៃការដឹកនាំចលនាអូឡាំពិក, រចនាសម្ព័ន្ធសហព័ន្ធកីឡាជាតិ និង អភិបាលកិច្ចល្អ៕