កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ ២០២៥ បណ្តាញសារព័ត៌មានកូរ៉េបានឱ្យដឹងថា ផាក បូហ្គឹម (Park Bo Gum) កំពុងស្ថិតនៅក្នុងការពិចារណាដើរជាតួឯកនៅក្នុងខ្សែភាពយន្តថ្មីមួយដែលមានឈ្មោះថា (Night Traveler)។ ជាមួយគ្នានេះផលិតកម្ម ឌឹ ប្ល៊ែក ឡាប៊ែល (THEBLACKLABEL) ដែលគ្រប់គ្រងតារារូបនេះក៏បានបង្ហើបឱ្យដឹងដូចគ្នាដែរថា ផាក បូហ្គឹម (Park Bo Gum) ទទួលបានសំណើឱ្យសម្តែងនៅក្នុងរឿងនេះហើយ ដោយពេលនេះរូបគេក៏កំពុងស្ថិតនៅក្នុងការពិចារណាដូចគ្នា។
យ៉ាងណាមិញ ក្រោយពេលដែលបានបញ្ចេញស្នាដៃសម្តែងនៅក្នុងរឿង វិន ឡាយហ្វ៍ ហ្គីវ យូ ធែនជឺរីន (When Life Gives You Tangerines) រួចមក ផាក បូហ្គឹម (Park Bo Gum) ក៏ដណ្តើមបានពានរង្វាន់ពីកម្មវិធី ស៊ីកធីហ្វឹស ប៊ែកសាំង អាតថ៍ អឹវ៉ដ (61st Baeksang Arts Awards) ផងដែរ។
ដោយឡែកកាលពីពេលថ្មីៗនេះ តារាប្រុសខាងលើ ថែមទាំងទទួលបានតំណែងជាពិធីករនៅក្នុងកម្មវិធី ឌឹ ស៊ីស្ហឹន ឃែនថេប៊ីលី អ៊ហ្វ ផាក បូហ្គឹម (The Seasons: Cantabile of Park Bo Gum) របស់ប៉ុស្តិ៍ KBS និងកំពុងមានវត្តមាននៅក្នុងខ្សែភាពយន្តថ្មីរឿង Good Boy ដែលជាប្រភេទខ្សែភាពយន្តបែប Action-Comedy និងត្រៀមចាក់បញ្ចាំងនៅលើ ផ្រាយម៍ វ៉ីឌីអូ (Prime Video) នៅថ្ងៃទី ៣១ ខែឧសភា ខាងមុខនេះហើយ។
ដ្បិតថា ផាក បូហ្គឹម (Park Bo Gum) កំពុងមមាញឹកនឹងវិស័យសិល្បៈក្តី ក៏អ្នកគាំទ្ររបស់លោក រំពឹងថា នឹងបានឃើញតារាប្រុសរូបនេះសម្តែងនៅក្នុងរឿងថ្មី Night Traveler នេះផងដែរ៕