លោក Pep Munoz បានចូលរួមជាមួយព្រះខ័នរាជស្វាយរៀង កាលពីថ្ងៃទី៦ ឧសភា ឆ្នាំ២០២៣។ ក្រោមការដឹកនាំរបស់គ្រូបង្វឹកនេះ ព្រះខ័នរាជស្វាយរៀង បានឈ្នះពានរង្វាន់ធំៗក្នុងស្រុកចំនួន២ ក្នុងរដូវកាល២០២៣-២០២៤ គឺពានរង្វាន់ Cambodian Premier League និងពានរង្វាន់សម្ដេច ហ៊ុន សែន លើកទី១៧។ លុះចូលដល់រដូវកាល២០២៤-២០២៥ គ្រូបង្វឹករូបនេះ បានដឹកនាំក្រុមឲ្យឈ្នះ ពានរង្វាន់ Cambodian Premier League ម្ដងទៀត។ ក្នុងឆ្នាំដដែលនេះ ព្រះខ័នរាជស្វាយរៀង ទទួលបានជើងឯករងពានរង្វាន់ AFC Challenge League ដែលជាពានរង្វាន់កម្រិតទី៣ នៃទ្វីបអាស៊ី ផងដែរ។.   ដោយឡែក ការប្រកួតរវាងព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោន នៅក្នុងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់សម្ដេច ហ៊ុន សែន លើកទី១៨ គឺជាការប្រកួតចុងក្រោយ ដែលលោក Pep Munoz បំពេញតួនាទីជាគ្រូបង្វឹក។ តើគ្រូបង្វឹកនេះ អាចជួយឲ្យព្រះខ័នរាជស្វាយរៀង ឈ្នះពានរង្វាន់សម្ដេច ហ៊ុន សែន លើកទី១៨ ដែរឬទេ?

ការសម្រេចចិត្តចែកផ្លូវជាមួយក្លិបព្រះខ័នរាជស្វាយរៀងនេះ លោក Pep Munoz បានបញ្ជាក់ថាមិនមែនជាការសម្រេចចិត្តភ្លាមៗទេ ប៉ុន្ដែជាការសម្រេចចិត្ត ដែលមានគម្រោងគិតទុកជាយូរហើយ និងជាការសម្រេចចិត្តដ៏ម៉ត់ចត់។ ការសម្រេចិត្តនេះ គ្រូបង្វឹកជនជាតិអេស្ប៉ាញ ក៏បានផ្ដល់ដំណឹងទៅក្លិបបានដឹងមុនជាយូរ ផងដែរ។

អនុស្សាវរីយ៍ នៅលើទឹកដីកម្ពុជា ជាពិសេសជាមួយក្លិបព្រះខ័នរាជស្វាយរៀង បានចាក់ដោតក្នុងអារម្មណ៍របស់លោក Pep Munoz។ គ្រូបង្វឹកវ័យ ៤៥ឆ្នាំរូបនេះ បានបង្ហោះសារអរគុណចំពោះឯកឧត្តម ឌី វិជ្ជា ប្រធានក្លិបព្រះខ័នរាជស្វាយ, ក្រុមការងារ, អ្នកគាំទ្រ និងកីឡាករទាំងអស់ ដែលបានគាំទ្រ និងជួយជំរុញឲ្យអាជីពរបស់លោក Pep បានជោគជ័យខ្លាំង នៅក្នុងទឹកដីកម្ពុជា។