ការប្រកួតបាល់ទាត់មិត្តភាពរវាងក្រុមបាល់ទាត់មន្ទីរពេទ្យព្រះអង្គឌួង និងក្រុម Phnom Penh Thai All Stars បានបញ្ចប់ទៅដោយរលូនកាលពីល្ងាចថ្ងៃទី៧ កន្លងទៅថ្មីៗនេះ នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទស្តាតចាស់ ក្រោមអធិបតីភាពលោកបណ្ឌិត សុផាឆៃ វីរៈភុជង្គ ប្រធានស្ថានីយទូរទស្សន៍កងយោធពលខេមរភូមិន្ទ។
លោកបណ្ឌិត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាគីពាក់ព័ន្ធទាំងអស់ដែលបានបង្កើតកម្មវិធីបាល់ទាត់មិត្តភាពនេះឡើងដើម្បីរឹតបន្តឹងចំណងមិត្តភាពកម្ពុជាថៃ ស្របពេលដែលប្រទេសទាំង២ ក៏បាននឹងបន្តរឹតចំណងមិត្តភាពយ៉ាងរឹងមាំល្អ ក្រោយការអបអរខួបអនុស្សាវរីយ៍លើកទី៧៥ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងថៃ។
លោកបណ្ឌិតក៏បានផ្តល់អនុសាសន៍ល្អៗទៅដល់អ្នកចូលរួមទាំងអស់ឲ្យខិតខំរក្សាទំនាក់ទំនងនេះឲ្យបានល្អប្រសើរឡើងទ្វេរដង តាមរយៈសកម្មភាពកីឡា ឬការងារសង្គមផ្សេងៗ ដើម្បីកើតជាប្រយោជន៍សម្រាប់សង្គមជាតិ ពិសេសជាគំរូល្អដល់យុវជនជំនាន់ក្រោយ ឲ្យងាកមកលេងកីឡាដើម្បីសុខភាព និងជៀងឆ្ងាយពីអំពើអបាយមុខនានាដែលសង្គមស្អប់ខ្ពើម។
លោកបណ្ឌិតក៏បានឧបត្ថមគាំទ្រដល់ការប្រកួតនេះតាមរយៈការផ្តល់នូវទឹកបរិសុទ្ធ Lyyon ថ្នាំផ្តាសាយ Sarah បំពង់ឃុនលួង និងជែលលាបសាច់ដុំ NEOTICA Balm ទៅដល់ក្រុមទាំង២ ហើយឆ្លៀតឱកាសនេះ លោកបណ្ឌិតក៏បានលើកទឹកចិត្តដល់ភាគីកម្ពុជា ថៃ រៀបចំសកម្មភាពកីឡាបែបនេះឲ្យបានច្រើនបន្ថែមទៀត ខណៈលោកបណ្ឌិតប្រកាសគាំទ្រជាប់ជានិច្ច៕