ការប្រកួតបាល់ទាត់ពានរង្វាន់បាល់ទាត់ Soccer League ជាការរួមចំណែកពង្រីកផ្សព្វផ្សាយវិស័យបាល់ទាត់នៅកម្ពុជា និងបង្កើនភាពរីករាយដល់ស្រទាប់យុវជនតាមរយៈការចូលរួមប្រកួតប្រជែងគ្នានេះ។
ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ប្រធានគណៈកម្មការរៀបចំការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ SOCCER LEAGUE លើកទី៨ ឆ្នាំ២០២៥ និងជាតំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានមានប្រសាសន៍ថា ពានរង្វាន់បាល់ទាត់ Soccer League នេះជាការផ្ដល់ឱកាសដល់យុវជនបានជួបជុំគ្នារឹតចំណងសាមគ្គីភាព និងបង្កើនកិច្ចសហការគ្នាតាមរយៈការប្រកួតបាល់ទាត់នេះ។ហើយការប្រកួតបាល់ទាត់ពានរង្វាន់បាល់ទាត់ Soccer League នេះជាការជំរុញលើកទឹកចិត្តយុវជនដែលមិនមែនជាកីឡាករអាជីពឲ្យងាកមកលេងកីឡាដើម្បីមានសុខភាពល្អទាំងផ្លូវកាយ ផ្លូវចិត្ត និងជាការផ្ដល់ឱកាសឲ្យយុវជនបង្ហាញសមត្ថភាព។ តាមរយៈនេះក៏ជាការរួមចំណែកមួយផ្នែកជាមួយរាជរដ្ឋាភិបាលដែលឲ្យពលរដ្ឋម្នាក់លេងកីឡាមួយប្រភេទប្រចាំជីវិត។ម្យ៉ាងវិញទៀតការផ្ដួចផ្ដើមធ្វើព្រឹត្តិការណ៍ពានរង្វាន់ Soccer League គឺដើម្បីផ្ដល់ឱកាសឲ្យយុវជន បានសម្រេចក្ដីស្រម៉ៃរបស់ពួកគេ ក្នុងការស្រឡាញ់វិស័យកីឡាបាល់ទាត់។ ម្យ៉ាងវិញទៀត ស.ស.យ.ក សង្ឃឹមថាតាមរយៈសកម្មភាពកីឡា អាចជួយរឹតចំណងមិត្តភាព សាមគ្គីភាព និងបង្កើតកិច្ចសហប្រតិបត្តិការវាងស្ថាប័នរដ្ឋ និងឯកជនឲ្យកាន់តែរឹងមាំ។
គួរបញ្ជាក់ដែរថា នៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ នេះគណៈកម្មការរៀបចំការប្រកួតពានរង្វាន់ Soccer League លើកទី៨ នេះបានធ្វើពិធីចាប់ពូលផងដែរ។ ការប្រកួតលើកទី៨ ឆ្នាំ២០២៥ នេះមានក្រុមសរុបចូលរួម ៦៣ក្រុម(បុរស ៥៦ក្រុម នារី ៧ក្រុម)។ ការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី១ ខែមិថុនា ដល់ ៣០ ខែកក្កដា ឆ្នាំ២០២៥៕