មន្ដ្រីជាន់ខ្ពស់ ក្រសួងអប់រំ យុវជន និងកីឡា និងថ្នាក់ដឹកនាំ សហព័ន្ធកីឡាបាល់ទាត់លើតុអន្ដរជាតិ បានបង្ហាញឆន្ទៈរួមគ្នា ក្នុងកិច្ចសហការប្រតិបត្តិ និងជំរុញការអភិវឌ្ឍវិស័យកីឡាបាល់ទាត់លើតុកម្ពុជាឲ្យកាន់តែរីកចម្រើន ដើម្បីត្រៀមចូលរួមសកម្មភាព ប្រកួតនានា ទាំងក្របខណ្ឌជាតិ និងអន្ដរជាតិ ក៏ដូចជាការត្រៀមធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី លើកទី៤ ឆ្នាំ២០២៩ ផងដែរ ។
នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បន្ទាប់ពីបានទទួលជួបពិភាក្សាការងារជាមួយលោក ហ្គាប៊រ ប៊ររ៉ាន់ហ្ស៊ី (Gabor Borsanyi) ប្រធានសហព័ន្ធកីឡាបាល់ទាត់លើតុអន្ដរជាតិ និងប្រតិភូ នៅទីស្នាក់ការគណកម្មាធិការជាតិអូឡាំពិកកម្ពុជា កាលពីថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ២០២៥ ម្សិលមិញនេះ។
ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ថា កិច្ចប្រជុំនេះ បានពិភាក្សា និងផ្លាស់ប្ដូរមតិយោបល់គ្នា ជាមួយលទ្ធផលវិជ្ជមាន ដោយភាគីទាំងសងខាង បានយល់ស្របលើចំណុចជាច្រើន ក្នុងការពួតដៃគ្នា ធ្វើការអភិវឌ្ឍវិស័យកីឡាបាល់ទាត់លើតុនៅកម្ពុជា ដែលជាប្រភេទកីឡាថ្មីមួយ ត្រូវនឹងចំណង់ចំណូលចិត្តរបស់យុវជន សម្រាប់ផ្នែកកីឡាលេងជាមួយបាល់។ជាលទ្ធផល នៃ កិច្ចប្រជុំខាងលើ ភាគីទាំងសងខាងបានឯកភាព និងយល់ស្របគ្នា លើកិច្ចសហប្រតិបត្ដិការជាច្រើន ពិសេសលោក ប្រធានសហព័ន្ធកីឡាបាល់ទាត់លើតុអន្ដរជាតិ បានប្ដេជ្ញា និងសន្យាធ្វើការជាមួយអាជ្ញាធរ និងសហព័ន្ធកីឡាបាល់ទាត់លើតុកម្ពុជា ក្នុងការជួយជំរុញការអភិវឌ្ឍវិស័យកីឡាបាល់ទាត់លើតុកម្ពុជា ឲ្យកាន់តែរីកចម្រើនទៅមុខបន្ថែមទៀត។