ការប្រគុំតន្ត្រី ត្រីវិស័យ សុវណ្ណភូមិ ទើបតែបញ្ចប់ទៅ កាលពីថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៥ ថ្មីៗនេះទេ ដែលកម្មវិធីនេះបានប្រព្រឹត្តទៅយ៉ាងរលូន និងមានមហាជនចូលរួមយ៉ាងច្រើនកុះករ នៅឯពហុកីឡដ្ឋានជាតិអូឡាំពិក។ ចាត់ទុកថាជាជោគជ័យដ៏ធំមួយរបស់ផលិតកម្មបារមី ដែលបានបង្កើតការប្រគុំខ្នាតយក្សនេះឡើងមក និងមានការគាំទ្រដ៏មិននឹកស្មានបែបនេះ។ នៅក្នុងការប្រគុំតន្ត្រីខាងលើ មានការចូលរួមពីតារាចម្រៀងជាតិ និងអន្តរជាតិជាច្រើន ក្នុងនោះមានដូចជា វណ្ណដា, រ៉េត ស៊ូហ្សាណា, វណ្ណថាន់, Awich តារាចម្រៀងជប៉ុន, និង OG Bobby តារាចម្រៀងថៃ ជាដើម។ ប៉ុន្តែអ្វីដែលមហាជនកំពុងមានការចាប់អារម្មណ៍នៅលើបណ្តាញសង្គមនាពេលថ្មីៗនោះគឺ តារាចម្រៀងមកពីប្រទេសឡាវ ក៏បានចូលរួមការប្រគុំតន្ត្រីមួយនេះផងដែរ គឺនាង ធីនឡាំផន មហាវង់ (Thinlamphone Mahavong)។ Thinlamphone នាងបានបង្កើតអនុស្សាវរីយ៍ ក៏ដូចជាការចងចាំ ជាមួយអ្នកគាំទ្រកម្ពុជា តាមរយៈការបង្ហើរទឹកដមសំនៀងយ៉ាងពីរោះរណ្តំ ចំនួនពីរបទ គឺបទ ហាក់ ធែ ក ខៅ ម៉ា (Huk Thae Kor Khao Ma) និងបទ Love Sick Blue ច្រៀងរួមគ្នាជាមួយ វណ្ណដា។ យ៉ាងណាមិញបន្ទាប់ពីបានបង្ហាញខ្លួនរួចមក តារាស្រីរូបនេះទទួលការសាទរជាខ្លាំងពីអ្នកគាំទ្រកម្ពុជា។ ជាមួយគ្នានេះ ក្រោយពេលបញ្ចប់ការប្រគុំតន្ត្រី ត្រីវិស័យ សុវណ្ណភូមិ ភ្លាម Thinlamphone បានអរគុណ ទៅកាន់វណ្ណដា និងផលិតកម្មបារមីដែលបានផ្តល់ឱកាសឱ្យនាងចូលរួមជាចំណែកមួយសម្រាប់ព្រឹត្តិការណ៍នេះ។ បន្ថែមពីនេះ នាងក៏បានអរគុណទៅកាន់អ្នកគាំទ្រកម្ពុជា ដែលបានផ្តល់ក្តីស្រឡាញ់ និងគាំទ្រដល់រូបនាងផងដែរ ។

គួរឱ្យដឹងថា Thinlamphone Mahavong គឺជាតារាស្រីឡាវទីមួយ ដែលបានច្រៀងរួមគ្នាជាមួយ វណ្ណដា នៅក្នុងអាល់ប៊ុមទី៣ ដែលមានឈ្មោះថា ត្រីវិស័យ នៃផ្នែកទី២ និងបានចេញជាផ្លូវការកាលពីយប់ថ្ងៃទី២១ ខែមីនា កន្លងទៅ។ បទដែលនាងសហការច្រៀងរួមគ្នាជាមួយវណ្ណដា នៅក្នុងអាល់ប៊ុមខាងលើមានចំណងជើងថា Love Sick Blue ៕