ភ្នំពេញ៖ កាលពីថ្ងៃច័ន្ទ ដើមសប្ភាហ៍កន្លងទៅ TIFFY ARMY FC បានធ្វើការប្រកាសការចាកចេញរបស់កីឡាករ  លឹម អារុណ  ក្រោយចប់កិច្ចសន្យាព្រមព្រាងនិងផ្ដល់ឳកាសផ្ទេរទៅកាន់ក្លិបថ្មីនៅលីគកំពូលកម្ពុជា។

  កីឡាករ លឹម អារុណ រ៉េយមិន បច្ចុប្បន្នមានវ័យ ២១ ឆ្នាំ កម្ពស់ ១,៨០ម៉ែត្រ លេងក្នុងតួនាទីជាខ្សែបម្រើ ( បម្រើការពារ និងបម្រើប្រយុទ្ធ) ក៏បានបង្ហោះសារ នៅលើបណ្ដាញសង្គមFacebook ផ្ទាល់ខ្លួន បង្ហាញអារម្មណ៍នៅពេលចូលរួមជាមួយសមាគមន៍កីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ TIFFY ARMY FC ថា៖« ខ្ញុំសូមថ្លែងអំណរគុណអស់ពីដួងចិត្តដល់កីឡាករ បុគ្គលិកមន្ត្រី គ្រូបង្វឹក អ្នកឧបត្ថម្ភ ថ្នាក់ដឹកនាំ និងអ្នកគាំទ្របាល់ទាត់ទាំងអស់ ដែលបានផ្ដល់ការគាំទ្រយ៉ាងពេញទំហឹងដល់ខ្ញុំបាទក្នុងរយៈពេលពីររដូវកាលកន្លងទៅនេះ។ ក្នុងអំឡុងពេលទាំងពីររដូវកាលកន្លងទៅនេះ ខ្ញុំមានអារម្មណ៍ថា Tiffy army មិនមែនគ្រាន់តែជាក្រុមបាល់ទាត់ប៉ុណ្ណោះទេ គឺប្រៀបបានដូចជាគ្រួសាររបស់ខ្ញុំ។ ខ្ញុំក៏សូមឆក់យកឱកាសនេះ សម្ដែងអំណរគុណដ៏ជ្រាលជ្រៅដល់លោកគ្រូបង្គោលសុភក្រ្តាដែលតែងតែជួយជ្រោមជ្រែង ណែនាំ បណ្ដុះបណ្ដាល និងតម្រង់ទិសឱ្យខ្ញុំជាប្រចាំ និងជាពិសេសដែលលោកបានយកខ្ញុំចូលក្លឹបTiffy Army ។ ខ្ញុំសូមគោរពជូនពរសូមឱ្យអស់លោកអ្នកទាំងអស់គ្នាបន្តសម្រេចជោគជ័យជាបន្តបន្ទាប់ទៅទៀត។»



កីឡាករ  លឹម អារុណ រ៉េយមិន បានផ្ទេរមកកាន់សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោយចាកចេញពីក្លិបណាហ្គាវើលដ៍ ដោយមិនសូវបានបង្ហាញខ្លួន។ប៉ុន្តែពេលបានចូលរួមជាមួយ TIFFY ARMY FC សង្កេតឃើញថា កីឡាករ  លឹម អារុណ រ៉េយមិន មានឳកាសបង្ហាញខ្លួនជាប្រចាំជាមួយជម្រើស១១នាក់ដំបូងសឹងគ្រប់ការប្រកួតក្រោមការដឹកនាំរបស់លោក ភា សុភត្ត្រា ជាគ្រូបង្គោល ព្រមទាំងមានឳកាសជាប់ជម្រើសជាតិច្រើនជាមុនផងដែរ។