កណ្ដាល ៖
មានការហួសចិត្តជាខ្លាំង! ក្រោយពីបុរសម្នាក់ មកដល់ការ៉ាស់សាំងមួយកន្លែងហើយចូលក្នុងបន្ទប់ទឹក ឃើញលុយក្នុងធុងបរិច្ចាគ ក៏លួចលុយនោះ តែត្រូវម្ចាស់គេតាមទាន់ឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ចកាលពីថ្ងៃទី១៨ ខែ ឧសភា ឆ្នាំ២០២៥ វេលាម៉ោង២២និង៣០នាទីត្រង់ ភូមិទួលងោក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល។
ជនរងគ្រោះ ឈ្មោះ ម៉ៅ សំណាង ភេទ ប្រុស អាយុ ៥៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់សាំង មានទីលំនៅភូមិ ទួលងោក ឃុំកំពង់លួង ស្រុក ពញាឮ ខេត្តកណ្តាល។ រីឯជនសង្ស័យ ឈ្មោះ ហៃ លីន ហៅ មករា ភេទ ប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិអរិយក្សត្រ សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល ។
ចំពោះវត្ថុតាងចាប់យក រួមមាន៖ -កន្ត្រៃធ្វើពីដែក ដងស្រោបជ័រ ចំនួន ០១
-ប្រាក់រៀល ចំនួន ៧៧៧០០រៀល -ប្រាក់បាត ចំនួន ២០ បាត-ប្រាក់ដុង ២០០០ដុង
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានឆ្លើយសារភាពថា៖នៅមុនកើតហេតុ រូបខ្លួន បានជិះម៉ូតូម៉ាក TODAY ពណ៌ សលាយខ្មៅ ពាក់ផ្លាកលេខ ព្រៃវែង1R-0141 ចេញពី ខេត្តកំពង់ឆ្នាំង តាមផ្លូវជាតិលេខ៥ ក្នុងគោលបំណងទៅរកប្រពន្ធនៅខេត្ត ព្រៃវែង ។
លុះជិះមកចំនុចការ៉ាស់សាំងជិតស្ពានព្រែកក្តាម ពេលនោះរូបខ្លួន បានជិះម៉ូតូចូលទៅ កន្លែងបន្ទប់ទឹក។ ឆ្លៀតពេលនោះ រូបខ្លួន បានឃើញទូរដាក់លុយបរិច្ចាគនៅក្បែរបន្ទប់ ។
បន្ទាប់មក រូបខ្លួន បានលើកទូរនោះចូលក្នុងបន្ទប់ទឹក រួចធ្វើសកម្មភាពយកកន្ត្រៃគាស់ទូរ ដាក់លុយបរិច្ចាគនោះ ស្របពេលនោះ ម្ចាស់គេ បានមកទាន់ក៏ឃាត់ខ្លួនរូបខ្លួនតែម្តង។
បច្ចុប្បន្ន ជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការរដ្ឋាននគរបាលស្រុក ពញាឮ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕