ការប្រកួតបាល់ទាត់មិត្តភាពដើម្បីអបអរសាទរ យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៥ រវាងក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា ជាមួយក្រុមបាល់ទាត់គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ធីតា(TYDA)   គ្រោងធ្វើឡើងនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ ចាប់ពីវេលាម៉ោង៦ល្ងាចតទៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ ស្តាតចាស់។

ក្រុមបាល់ទាត់ពិធីករកីឡាកម្ពជាតែងតែសកម្មក្នុងការប្រកួតមិត្តភាព កំដៅសាច់ដុំ បង្កើនចំណងមិត្តភាព សាមគ្គីភាព ផ្ដល់ស្នាមញញឹម ឲ្យគ្នាទៅវិញទៅមក ជាមួយក្រុមបាល់ទាត់មិនមែនអាជីព តាមបណ្ដាសមាគម អង្គភាព ក្រសួងស្ថាប័ន ក្រុមហ៊ុនឯងជននានាក្រោយទំនេរពីកិច្ចការងារប្រចាំថ្ងៃហើយនោះ ក្នុងន័យកីឡានាំមកនូវសុខភាព។

តួយ៉ាងសម្រាប់សម្រាប់ការប្រកួតបាល់ទាត់មិត្តភាពដើម្បីអបអរសាទរ យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៥ រវាងក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា ជាមួយក្រុមបាល់ទាត់គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ធីតា(TYDA) គឺជាការួមចំណែកជួយផ្សព្វផ្សាយ និងបំផុសស្មារតីប្រជាពលរដ្ឋគ្រប់រូបចូលរួមយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៥ ឲ្យកាន់តែច្រើនឡើងៗចូលរួមជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីក្តីសង្ឃឹមដល់ទារក និងកុមារនៅកម្ពុជា។

 ចំពោះយុទ្ធនាការ«១ម៉ឺនរៀល ១ម៉ឺននាក់» ជាយុទ្ធនាការប្រចាំឆ្នាំដ៏សំខាន់មួយរបស់មូលនិធិគន្ធបុប្ផាកម្ពុជា រៀបចំឡើងដើម្បីចូលរួមអបអរសាទរ ទិវាកុមារអន្តរជាតិ ១មិថុនា និងបំផុសស្មារតី«ខ្មែរជួយខ្មែរ» ក៏ដូចជាការរម្លឹក ឱ្យមានការចូលរួមបរិច្ចាគជួយមូលនិធិគន្ធបុប្ផាកម្ពុជា ព្រមទាំងដើម្បីផ្សារភ្ជាប់ បង្កើនសកម្មភាពកាន់តែជិតស្និត រវាងភាគីពាក់ព័ន្ធ ដែលបានបង្កើតគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា, ក្រុមហ៊ុន-សហគ្រាសដែលបានចុះអនុស្សរណៈយោគយល់គ្នា ជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងគោលបំណងនាំភាពញញឹម និងក្តីសង្ឃឹមដល់ទារក និងកុមារនៅកម្ពុជា។

ចាប់តាំងពីមន្ទីរពេទ្យគន្ធបុប្ផា ចាប់ផ្តើមដំណើរការឡើងវិញនៅឆ្នាំ១៩៩២ មកមន្ទីរពេទ្យនេះបានទទួលការពិនិត្យ និងព្យាបាលនៅផ្នែកពិគ្រោះជំងឺក្រៅ កុមារ និងស្រ្តីមានផ្ទៃពោះចំនួនប្រមាណ ២៣ លានករណី, បានទទួលកុមារមកសម្រាកព្យាបាលធ្ងន់ធ្ងរប្រមាណ ២,៨ លាននាក់ និងសម្រាលកូនជូនស្រ្តីមានផ្ទៃពោះចំនួនប្រមាណ ៤១ម៉ឺននាក់។

កុំភ្លេចណាចូលរួមទស្សនាដោយសេរី ការប្រកួតបាល់ទាត់មិត្តភាពដើម្បីអបអរសាទរ យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៥ រវាងក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា ជាមួយក្រុមបាល់ទាត់គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោធីតា(TYDA) គ្រោងធ្វើឡើងនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ ចាប់ពីវេលាម៉ោង៦ល្ងាចតទៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ ស្តាតចាស់។

 ម្នាក់បន្តិចៗ សង្គ្រោះកុមារាប់មុឺននាក់ គាំទ្រយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៥ ។ដើម្បីចូលរួមគាំទ្រ យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៥, សូមបរិច្ចាគតាមរយៈគណនីរបស់មូលនិធិគន្ធបុប្ផាកម្ពុជា នៅធនាគារអេស៊ីលីដា លេខ 0001-0341273813 សម្រាប់ប្រាក់រៀល និង 0001-0341273824 សម្រាប់ប្រាក់ដុល្លារអាម៉េរិក ឬតាមរយៈ QR Code ដូចមានក្នុងរូបភាពដែលបានផ្សព្វផ្សាយ។