ក្រុមបាល់ទាត់ជម្រើសជាតិនារីអាយុក្រោម ១៩ឆ្នាំកម្ពុជាបានចាប់ផ្ដើមធ្វើតេស្ដ ដោយមានការចូលរួមពីកីឡាការិនីក្រោម១៩ឆ្នាំ ៤៥នាក់ ដើម្បីចម្រាញ់ធនធានកីឡាការិនីឆ្នើមៗត្រៀមចូលរួមការប្រកួតជើងឯកបាល់ទាត់នារីអាយុក្រោម ១៩ឆ្នាំប្រចាំតំបន់អាស៊ីអាគ្នេយ៍ (ASEAN U19 Girls’ Championship 2025) នៅប្រទេសវៀតណាម ពីថ្ងៃទី០៩-១៨ ខែមិថុនា ឆ្នាំ២០២៥។

បេសកកម្មក្រុមជម្រើសជាតិនារី U19 កម្ពុជា ដែលដឹកនាំដោយគ្រូបង្វឹក ឈឺន នីផា នេះ ត្រូវបានកោះហៅកីឡាការិនីវ័យក្មេងចំនួន ៤៥នាក់ចូលរួមធ្វើតេស្ដសមត្ថភាពដំណាក់កាលទី១ ចាប់ពីថ្ងៃទី១៩-២១ ខែឧសភា ឆ្នាំ២០២៥ នៅសាលាបាល់ទាត់ជាតិបាទី។ ចំពោះកីឡាការិនី ដែលបានកោះហៅមកធ្វើតេស្ដនេះដែរ រួមមានសមាជិកសមាគមក្លិប. បាល់ទាត់មីស្ទើរលេង ១០នាក់, ក្លិបបាល់ទាត់សៀមរាប ៩នាក់, ក្លិបបឹងកេត ៦នាក់, ណាហ្គាវើលដ៏ ៦នាក់, ព្រះខ័នរាជស្វាយរៀង ៥នាក់, វិសាខា ៥នាក់, ភ្នំពេញក្រោន ២នាក់ និងសមាជិកក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ឆ្នាំង ២នាក់។ សម្រាប់លក្ខណៈ នៃការធ្វើតេស្ដនេះដែរ នៅមិនទាន់បញ្ជាក់នឹងធ្វើប៉ុន្មានដំណាក់កាលនៅឡើយទេ។

គួរបញ្ជាក់ថា យុទ្ធនាការប្រកួតពានរង្វាន់ ASEAN U19 Girls’ Championship 2025 ដែលនឹងធ្វើឡើងនៅទីក្រុងហូជីមិញ ប្រទេសវៀតណាមនេះ ក្រុមជម្រើសជាតិនារីអាយុក្រោម ១៩ឆ្នាំកម្ពុជា ស្ថិតក្នុងពូលB ជាមួយថៃ ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី ខណៈពូលA មាន ៤ក្រុមដូចគ្នា គឺមានម្ចាស់ផ្ទះវៀតណាម មីយ៉ាន់ម៉ា ឡាវ និងទីម័រខាងកើត៕