អ្នកគាំទ្របាននឹងកំពុងមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីបានឃើញវត្តមានកញ្ញា ព្រីអាន់ណា ម៉ៃ (Brianna Mai) បង្ហាញមុខរាំរបាំជូនពរ នៅក្នុងពិធីបើកពិព័រណ៍ “Khmer in Lowell” កាលពីពេលថ្មីៗនេះ។ យ៉ាងណាមិញ នៅក្នុងវីដេអូដែលបានបង្ហោះនៅលើបណ្តាញសង្គមឃើញថា នៅពេលកញ្ញាកំពុងរាំរបាំបុរាណខ្មែរនេះ មានជនបរទេសជាច្រើនបានឈរមើលភ្លឹក ដូចជាត្រូវមន្តសណ្តំអ៊ីចឹង។ នាដការីនៅក្នុងវីដេអូនេះ ត្រូវបានគេដឹងថា ជាបវរកញ្ញាជំនាន់ទីពីររបស់ Universal Woman Cambodia 2024 បន្ទាប់ពីអ្នកនាង ប្រាសាទ ដាវីន។ កញ្ញា ព្រីអាន់ណា ម៉ៃ (Brianna Mai) ត្រូវបានចូលរួមប្រកួតនៅក្នុងកម្មវិធី Universal Woman 2024 ដែលមានម្ចាស់ផ្ទះគឺជាប្រទេសកម្ពុជា និងកញ្ញាទទួលបានតំណែងលំដាប់រងទី ៣ ពីការប្រកួតនេះផងដែរ។ មិនតែប៉ុណ្ណោះកញ្ញាថែមបានបញ្ចប់ការសិក្សានៅសហរដ្ឋអាមេរិក និងជាគ្រូរបាំបុរាណនៅទីនោះផងដែរ ។
ដោយឡែក ងាកទៅចាប់អារម្មណ៍ការតាំងពិព័រណ៍ “Khmer in Lowell” ឯណេះវិញ កញ្ញាបានឱ្យដឹងថា ការតាំងពិព័រណ៍នេះ គឺជាផ្នែកមួយរបស់កម្មវិធី “ដំណើរ៥០ឆ្នាំនៃការចងចាំនិងភាពធន់” ដែលជាការផ្តួចផ្តើមរៀបចំឡើងមកដោយសហគមន៍ខ្មែរនៅអាមេរិកដែលមានឈ្មោះថា “ព្រលឹងខ្មែរ”។ នៅក្នុងព្រឹត្តិការណ៍នេះ គឺជាព្រឹត្តិការណ៍នៃការរំលឹកដល់វិញ្ញាណក្ខន្ធរបស់ប្រជាជនខ្មែរដែលបានបាត់បង់ជីវិតនៅសម័យខ្មែរក្រហម ដែលនេះជាខួបលើកទី ៥០ ហើយ ដែលពួកគេបានស្លាប់នៅក្នុងសម័យនៃការសម្លាប់រង្គាលជាតិសាសន៍ខ្លួនឯង។ មិនតែប៉ុណ្ណោះ នៅក្នុងព្រឹត្តិការណ៍នេះទាំងមូល ក៏មានការតាំងបង្ហាញនូវ សិល្បៈវប្បធម៌ខ្មែរ ក្បួនដង្ហែរ និងការសម្តែងរបាំប្រពៃណីខ្មែរជាដើម ៕