កាលពីថ្ងៃទី១ ខែឧសភា កន្លងទៅ មានការរាយការណ៍មួយថា យ៉េរិ (Yeri) ក្រុម រ៉េដ វ៉េលវ៉េត (Red Velvet) បានសម្រេចចិត្តចុះកុងត្រាជាមួយផលិតកម្ម ប្ល៊ីសវេយ៍ អេនថឹថេនម៉ឹនថ៍ (Blitzway Entertainment)។ ផលិតកម្មនេះក៏បានបង្ហាញអារម្មណ៍រំភើបដែលបានរួមការងារជាមួយតារាចម្រៀងស្រីរូបនេះ ក្នុងដំណើរលើវិថីសិល្បៈថ្មីជាតារាសម្តែងរបស់នាងផងដែរ។
ដោយឡែក ដើមឡើយផលិតកម្ម ប្ល៊ីសវេយ៍ អេនថឹថេនម៉ឹនថ៍ (Blitzway Entertainment) ពីមុនមានឈ្មោះថា ប្ល៊ីសវេយ៍ ស្ទូឌិអូ (Blitzway Studio)។ ផលិតកម្មនេះ កំពុងមើលថែតារាល្បីៗជាច្រើនដួង ក្នុងនោះមានដូចជា ចូ ជីហ៊ូន (Ju Ji-hoon) ជុង អ៊ិនស៊ុន (Jung In-sun) និង ឆន វ៉ូហ៊ី (Chun Woo-Hee) ជាដើម។
យ៉ាងណាមិញ បើទោះបីជា អតីតតារាចម្រៀង យ៉េរិ (Yeri) បានបញ្ចប់កុងត្រាជាមួយ ផលិតកម្ម SM Entertainment ទៅហើយក្តី ក៏តារាស្រីរូបនេះនៅតែអាចបន្តសកម្មភាពផ្សេងៗជាមួយក្រុម Red Velvet បានដដែល។
គួរឱ្យដឹងថា យ៉េរិ (Yeri) បានបង្ហាញខ្លួននៅក្នុងក្រុម Red Velvet កាលពីឆ្នាំ២០១៥ និងចាប់ផ្តើមធ្វើជាតារាសម្តែងជាលើកដំបូងនៅឆ្នាំ២០២១ ដែលមានភាពយន្តល្បីៗជាច្រើនដូចជា មិនថ៍ ខឹនឌិស្ហឹន (Mint Condition), ប្លូ បឺតស៍ដេយ៍ (Blue Birthday) និង ប៊ីតធ៍ អ៊េកស៍ រីចធ៍ (BITCH X RICH) ជាដើម៕