កាលពីថ្ងៃអង្គារ ទី3 ខែមិថុនា វិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាតិ Chung-Shan ដែលគ្រប់គ្រងដោយយោធាកោះតៃវ៉ាន់ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ជាមួយសាកលវិទ្យាល័យជាតិ Chung Cheng ដើម្បីពន្លឿនកិច្ចខិតខំប្រឹងប្រែងក្នុងការកសាងខ្សែសង្វាក់ផ្គត់ផ្គង់យន្តហោះគ្មានមនុស្សបើកដែលធន់ ដែលមិនពឹងផ្អែកលើប្រទេសចិន។ លោក Lee Shih chiang ប្រធានវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាតិ Chung-Shan បាននិយាយថា “ចាប់ពីឆ្នាំក្រោយ និងក្នុងរយៈពេល 5 ឆ្នាំ រដ្ឋាភិបាលតៃវ៉ាន់ នឹងវិនិយោគថវិកាប្រមាណ 1 ពាន់លានដុល្លារអាមេរិក ក្នុងការស្រាវជ្រាវ និងអភិវឌ្ឍន៍ឧស្សាហកម្មយន្តហោះគ្មានមនុស្សបើក។ គួរបញ្ជាក់ផងដែរថា កាលពីខែធ្នូឆ្នាំមុន កោះតៃវ៉ាន់បានណែនាំគំនិតផ្តួចផ្តើមថ្មីមួយដែលមានឈ្មោះ "Chips Team Taiwan" ដែលនឹងលើកទឹកចិត្តក្រុមហ៊ុនតៃវ៉ាន់ឲ្យបង្កើតផ្កាយរណប យន្តហោះគ្មានមនុស្សបើក និងមនុស្សយន្តបន្ថែមទៀតនៅក្នុងស្រុក ដោយយន្តហោះគ្មានមនុស្សបើកជាអាទិភាពកំពូល។