គណៈកម្មការអឺរ៉ុប ដែលជាប្រតិបត្តិចម្បងរបស់សហភាពអឺរ៉ុប ដែលមានសមាជិក 27 ប្រទេសនោះ បានស្នើរសេចក្តីព្រាងកញ្ចប់ទណ្ឌកម្មថ្មីប្រឆាំងនឹងប្រទេសរុស្ស៊ី។ សមាជិកសហភាពអឺរ៉ុប នឹងចាប់ផ្តើមការពិភាក្សាលើសេចក្តីព្រាងច្បាប់នេះក្នុងសប្តាហ៍នេះ ហើយប្រសិនបើត្រូវបានអនុម័ត សេចក្តីព្រាងកញ្ចប់ទណ្ឌកម្មដែលផ្តោតលើឧស្សាហកម្មថាមពល ហិរញ្ញវត្ថុ និងយោធា នឹងក្លាយជាកញ្ចប់ទណ្ឌកម្មទី 18 ដែលសហភាពអឺរ៉ុបដាក់លើប្រទេសរុស្ស៊ី។ សេចក្តីព្រាងនេះ នឹងស្នើឲ្យដាក់បញ្ចូលនាវាបន្ថែមទៀតទៅក្នុងបញ្ជីនៃអ្វីដែលហៅថា "កងនាវាស្រមោល" ដែលរុស្ស៊ីប្រើប្រាស់ដើម្បីដឹកជញ្ជូនប្រេង និងឧស្ម័ន ដែលធ្វើចំនួននាវាដែលរងទណ្ឌកម្មសរុប កើនឡើងដល់ប្រមាណ 400 គ្រឿង។ សេចក្តីព្រាងនេះ ក៏នឹងស្នើឲ្យ បញ្ចុះតម្លៃប្រេងឆៅរបស់រុស្ស៊ី ដែលកំណត់ដោយក្រុមប្រទេស G7 កាលពីឆ្នាំ 2022 ពី 60 ទៅ 45 ដុល្លារក្នុងមួយបារ៉ែល ដើម្បីកាត់បន្ថយចំណូលថាមពលរបស់រុស្ស៊ី ព្រមទាំងស្នើផងដែរ នូវការហាមឃាត់លើការនាំចូលផលិតផលប្រេងចម្រាញ់ដែលផលិតពីប្រេងឆៅរបស់រុស្ស៊ី។ សេចក្តីព្រាងនេះ ក៏នឹងស្នើឲ្យបន្ថែមធនាគាររុស្ស៊ីចំនួន 22 ទៀត ទៅក្នុងបញ្ជីទណ្ឌកម្ម និងពង្រីកការរឹតបន្តឹងលើធនាគារទាំងនោះ រួមទាំងការចេញពីប្រពន្ធ័ធនាគារហិរញ្ញវត្ថុអន្តរធនាគារពិភពលោក ហៅកាត់ (SWIFT) និងការហាមឃាត់ទាំងស្រុងលើប្រតិបត្តិការនានា។