ប្រធានាធិបតីប្រទេសអ៊ុយក្រែន ហ្សេលេនស្គី បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានតាមប្រព័ន្ធអ៊ីនធឺណេតកាលពីថ្ងៃចន្ទ ទី2 ខែមិថុនាថា គណៈប្រតិភូរបស់លោក នៅក្នុងកិច្ចចរចារសន្តិភាពជុំទីពីរដែលធ្វើឡើងក្នុងទីក្រុងអ៊ីស្តង់ប៊ុលប្រទេសតួរគី បានផ្តល់បញ្ជីឈ្មោះកុមារប្រមាណ 400 នាក់ ដែលខ្លួនទាមទារឲ្យរុស្ស៊ីបញ្ជូនត្រលប់មកមាតុប្រទេសវិញ ប៉ុន្តែគណៈប្រតិភូរុស្ស៊ីបានយល់ព្រមធ្វើការលើការបញ្ជូនកុមារតែ 10 នាក់ប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ មេដឹកនាំប្រទេសអ៊ុយក្រែនរូបនេះ ក៏បានលើកឡើងពីប្រតិបត្តិការសម្ងាត់របស់ប្រទេសអ៊ុយក្រែន ដែលមានឈ្មោះ ស្ពៃឌឺ វេប "Spider's Web" ដែលអ៊ុយក្រែន បានបញ្ជូនយន្តហោះគ្មានមនុស្សបើកដោយសម្ងាត់ចូលទៅក្នុងប្រទេសរុស្ស៊ី និងបានបើកការវាយប្រហារលើអាកាសយានដ្ឋានយោធារបស់រុស្ស៊ីនោះ។