ក្រុមបាតុករបានបន្តប្រមូលផ្តុំគ្នានៅខាងក្រៅអគារសហព័ន្ធក្នុងទីក្រុង ឡូស អេនជឺឡែសដើម្បីប្រឆាំងទៅនឹងច្បាប់អន្តោប្រវេសន៍ដែលកំពុងបន្តអនុវត្ត។ បាតុកម្មជុំវិញការវាយឆ្មក់ចាប់ជនអន្តោប្រវេសន៍របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានរីករាលដាលពីរដ្ឋកាលីហ្វ័រញ៉ាទៅកាន់ទីក្រុងដទៃទៀតរបស់សហរដ្ឋអាមេរិក ដោយក្រុមបាតុកររាប់រយនាក់ទូទាំងប្រទេស គ្រោងនឹងធ្វើបាតុកម្មដ៏ធំនៅថ្ងៃសៅរ៍ ទី14 ខែមិថុនាខាងមុខ។ ការសម្រេចចិត្តរបស់លោកប្រធានាធិបតី ត្រាំ ក្នុងការបញ្ជូនកងកម្លាំងការពារជាតិទៅកាន់ទីក្រុង ឡូស អេនជឺឡេស បន្ទាប់ពីមានការជំទាស់ពីអភិបាលរដ្ឋកាលីហ្វ័រញ៉ា លោក ហ្កាវិន ញ៉ូសាំ (Gavin Newsom)បានបង្កឲ្យមានការជជែកដេញដោលថ្នាក់ជាតិអំពីការប្រើប្រាស់យោធានៅលើទឹកដីសហរដ្ឋអាមេរិក ខណៈដែលរដ្ឋបាលរបស់លោកអភិបាល ញ៉ូសាំ បានប្តឹងរដ្ឋាភិបាលសហរដ្ឋអាមេរិកជុំវិញការដាក់ពង្រាយនេះ។ គួរបញ្ជាក់ផងដែរថា ការតវ៉ាប្រឆាំងនឹងលោកប្រធានាធិបតី ត្រាំដែលបានគ្រោងទុកនៅថ្ងៃសៅរ៍ខាងមុខនេះ ត្រូវបានរំពឹងថានឹងមានការប្រមូលផ្តុំក្រុមបាតុករប្រមាណជាង 1800 នាក់ ខណៈដែលថ្ងៃសៅរខាងមុខ ក៏ជាថ្ងៃធ្វើព្យុះហយាត្រារំលឹកខួបលើកទី 250 របស់កងទ័ពអាមេរិក និងខួបកំណើតគម្រប់ 79 ឆ្នាំរបស់លោកប្រធានាធិបតី ត្រាំ។