បន្ទាយមានជ័យ ៖
ភាគីថៃបើកឲ្យពលរដ្ឋខ្មែរប្រមាណជិត700នាក់ ចូលតាមច្រកទ្វារព្រំដែន អន្តរជាតិប៉ោយប៉ែតរយៈពេល1ម៉ោងកន្លះចាប់ពីម៉ោង7.00នាទីយប់ដល់ម៉ោង8.30នាទី យប់ នៅថ្ងៃទី25 ខែមិថុនា ឆ្នាំ2025 ក្រុងប៉ោយប៉ែត។
លោកឧត្តមសេនីយ៍ទោ ពេជ្រ វណ្ណា ប្រធានការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា.ថៃ បានប្រាប់ថា៖ ក្រោយអាជ្ញាធរកម្ពុជា និងភាគីថៃបាន សម្របសម្រួលគ្នា ដើម្បីជួយដល់ ពលរដ្ឋទាំងពីរប្រទេសដែលជាប់គាំង បានចូលប្រទេសរៀងខ្លួន ខាងកម្ពុជាមានចំនួន 692នាក់ ស្រី300នាក់ ដែលជាប់គាំងនៅខាងភាគីថៃ និងពលរដ្ឋថៃចំនួន93នាក់ស្រី49 ដែលជាប់គាំងនៅខាងភាគីកម្ពុជា នៅថ្ងៃទី25ខែមិថុនា ឆ្នាំ2025។
លោកបានបញ្ជាក់ថា៖ ក្រោយពលរដ្ឋខ្មែរប្រមាណជិត700នាក់ ធ្វើដំណើរចូលប្រទេស អាជ្ញាធរកម្ពុជា មន្ត្រីពាក់ព័ន្ធ កងកម្លាំងទាំងបី ជាពិសេសមន្ត្រីទំនាក់ទំនងព្រំដែនកម្ពុជា.ថៃ ចាំទទួលស្វាគមន៍និងបានជួយសម្របសម្រួលជួយលើក ជួយកាន់ អីវ៉ាន់សម្ភារៈ ជួយ ដល់ពលករ និងអាជីវករខ្មែរ រយៈពេល1ម៉ោងកន្លះចាប់ពីម៉ោង7.00នាទីយប់ដល់ម៉ោង 8.30នាទីយប់ អោយអស់បើសិនជាចូលមិនអស់អាចសុំបន្តពេលបន្ថែមបាន ហើយប្រជា ពលរដ្ឋខ្មែរ ដែលត្រលប់ចូលប្រទេសវិញនេះ ភាគច្រើនជាអាជីវករ និងកម្មករធ្វើការតាម បន្ទាត់ព្រំដែននៅផ្សាររោងក្លឿប្រទេសថៃ។
គួរបញ្ជាក់ថា៖ ច្រកទ្វារព្រំដែនអន្តរជាតិខ្លងលឹកខាងភាគីថៃ ដែលឈមច្រកទ្វារព្រំដែន អន្តរជាតិប៉ោយប៉ែតខាងកម្ពុជា ត្រូវបានភាគីថៃបិទទាំងស្រុងដោយឯកតោភាគី ចាប់តាំងពី ថ្ងៃទី24 ខែមិថុនា ឆ្នាំ2025មកម្លេះ ដែលអនុញ្ញាឲ្យតែសិស្ស និងអ្នកជំងឺចេញចូលប៉ុណ្ណោះ ៕
