កងកំលាំងទាំង៣ប្រភេទ របស់រដ្ឋបាលខេត្តសៀមរាប អង្គការ សមាគម តំណាងវិស័យឯកជននានា យុវជន ស.ស.យ.ក យុវជនកាកបាទក្រហមកម្ពុជាខេត្ត សិស្សានុសិស្ស និងប្រជាពលរដ្ឋ ខេត្តសៀមរាប យ៉ាងច្រើនកុះករបានចូលរួមព្រឹត្តិការណ៍បរិច្ចាគឈាម ក្រោមប្រធានបទ “យើងរួមគ្នាបរិច្ចាគឈាមដើម្បីសង្គ្រោះជីវិត”  ក្រោមកិច្ចសហការរៀបចំដោយក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា ជាមួយរដ្ឋបាលខេត្តសៀមរាប ព្រមទាំងភាគីពាក់ព័ន្ធ នៅសួនច្បារព្រះរាជដំណាក ក្រុងសៀមរាប ដោយសរុបត្រឹមថ្ងៃទី១៩ គឺទទួលបានចំនួនជាង៨០០ ប្លោកឈាម។

តាមការបញ្ជាក់ពីសំណាក់លោក គួច ឆៃយ៉ា ប្រធានអ្នកចាត់ការទូទៅក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា បានបញ្ជាក់ថា សម្រាបការព្រឹត្តិការណ៍បរិច្ចាគឈាម ក្រោមប្រធានបទ “យើងរួមគ្នាបរិច្ចាគឈាមដើម្បីសង្គ្រោះជីវិត” ថ្ងៃទី១នេះ មានមហាជនចូលរួមយ៉ាងច្រើនកុះករ ហើយលោក គួច ឆាយ៉ៃ ក៏បានដាក់ក្ដីរំពឹងថា នៅព្រឹកថ្ងៃទី២០ មិថុនា ២០២៥ នេះអ្នកចូលរួមអាចនឹងកើនឡើងដល់ជាងមួយពាន់នាក់ជាក់ជាមិនខាន ដោយសារ សន្ទុះអ្នកចូលរួមមានការកើនឡើង ខ្លាំងដោយគាត់ទាំងអស់គ្នា បានយល់ច្បាស់អំពីអត្ថប្រយោជន៍នៃការបរិច្ចាគឈាម ។

លោក គួច ឆាយ៉ា ក៏បានថ្លែងអំណរគុណចំពោះឯកឧត្តម ឃួង ស្រេងអភិបាល នៃគណៈអភិបាលរាជធានភ្នំពេញ ដោយឯកឧត្តម បានខ្នះខ្នែង ជួយសម្រួលមធ្យោបាយរថយន្តសម្រាប់ដឹកនាំក្រុមបាល់ទាត់ពិធីករកកីឡាកម្ពុជា ក្នុងបេសកម្មមកកាន់ខេត្តសៀមរាប ព្រមទាំងអរគុណចំពោះរដ្ឋបាលខេត្តសៀមរាប ដែលបានជួយសម្រួលនិងសហការយ៉ាងស្អិតរលួមតាំងសន្និសុខ សណ្ដាប់ធ្នាប់ អនាម័យ និងអរគុណដល់បណ្ដាដៃគូសហការឧបត្ថម្ភនានា ដែលបានជួយជ្រោមជែងព្រឹត្តការណ៍សប្បុរធម៌មួយនេះ ។

ហើយ លោក គួច ឆាយ៉ា ក៏សង្ឃឹមយ៉ាងមុតមាំថា បន្ទាប់ពីចប់ព្រឹត្តការណ៍នេះ មហាជនច្បាស់ជាយល់កាន់តែច្បាស់អំពីការបរិច្ចាគឈាម និងមានការផុសផុលចូលរួមកាន់តែច្រើនឡើងៗ នៅពេលមានកម្មវិធីបន្តបន្ទាប់ទៀត ។