ភ្នំពេញ៖ 

បុរសម្នាក់ បានស្លាប់នៅនិងកន្លែងកើតហេតុនិងមនុស្សប្រុសស្រី៣នាក់ទៀតបានរងរបួសស្រាល ខណៈពេលដែលជិះម៉ូតូឌុបប្រពន្ធយកព្រីងទៅលក់នៅផ្សារ បើកឆ្លងផ្លូវ ហើយ ត្រូវម៉ូតូមួយគ្រឿងទៀតបុកពេញទំហឹង។ 

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី២០ខែមិថុនាឆ្នាំ ២០២៥ នៅតាមបណ្ដោយផ្លូវជាតិលេខ ៦Aចន្លោះស្ពានលេខ ៩និងស្ពានទី ១០ក្នុង សង្កាត់បាក់ខែង ខណ្ឌជ្រោយ ចង្វារ   រាជធានីភ្នំពេញ។ 

ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតឈ្មោះសែ ស្រេងអាយុ៥៨ឆ្នាំជាអ្នកយាមដីឲ្យគេនៅក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញនិងមានស្រុកកំណើតនៅខេត្តព្រះវិហារ។ 

តាមសាក្សី បានឲ្យដឹងថានៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះបានជិះម៉ូតូម៉ាកហុងដាឌ្រីមមួយគ្រឿង ឌុបប្រពន្ធធ្វើដំណើរចេញពីផ្លូវបេតុងក្នុងទិសដៅពីលិចទៅកើតបើកឆ្លងផ្លូវគោលបំណងយកព្រីងទៅលក់នៅផ្សារព្រែកអញ្ចាញ។ ខណៈនោះស្រាប់តែមានម៉ូតូមួយគ្រឿងទៀត ជិះគ្នាពីរនាក់ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងចូលរាជធានីភ្នំពេញ ដោយល្បឿនលឿន មកបុកម៉ូតូជនរងគ្រោះពីរនាក់ប្ដីប្រពន្ធ ពេញទំហឹងបណ្ដាឲ្យជនរងគ្រោះបោកក្បាលស្លាប់នៅនិងកន្លែងចំណែកប្រពន្ធបានរងរបួសស្រាល។ដោយឡែកម៉ូតូមួយគ្រឿងទៀតជិះគ្នា២នាក់បានរងរបួសស្រាល។

តាមព័ត៌មានអោយដឹងទៀតថា បន្ទាប់ពីកើតមានគ្រោះថ្នាក់ នគរបាលមូលដ្ឋានក៏បានចុះទៅកន្លែងកើតហេតុ រួចនាំខ្លួនអ្នកបើកបរម៉ូតូដែលបង្កគ្រោះថ្នាក់ទៅសាកសួរព្រមទាំងទាក់ទងនគរបាលការិយាល័យចរាចរណ៍ផ្លូវគោក ចុះទៅវាស់វែងនាំយកម៉ូតូទាំងពីរគ្រឿងទៅកាន់ការិយាល័យដើម្បីដោះស្រាយតាមច្បាប់៕