ព្រះខ័នរាជស្វាយរៀង ជើងឯកលីគកំពូលកម្ពុជា និងភ្នំពេញក្រោន ជើងឯករង មានកៅអីចូលរួមប្រកួតពានរង្វាន់ AFC Challenge League 2025/26។ ព្រះខ័នរាជស្វាយរៀង នឹងត្រូវលេងក្នុងវគ្គចែកពូល ខណៈ ភ្នំពេញក្រោន ទទួលបានកន្លះកៅអី ត្រូវឆ្លងកាត់វគ្គជម្រុះបឋម ដើម្បីទៅកាន់វគ្គចែកពូល។
យោងទៅលើការផ្សាយរបស់ Cambodian Premier League ព្រះខ័នរាជស្វាយរៀង ម្ចាស់ជើងឯកលីគកំពូលកម្ពុជា និងភ្នំពេញក្រោន ជើងឯករង នឹងត្រូវប្រកួតក្នុងពានរង្វាន់ AFC Challenge League ដែលជាពានរង្វាន់កម្រិតទី៣ នៃទ្វីបអាស៊ី។ ភ្នំពេញក្រោន ត្រូវប្រកួតវគ្គជម្រុះបឋម ដើម្បីបានកៅអីក្នុងវគ្គចែកពូល ខណៈ ព្រះខ័នរាជស្វាយរៀង មានកៅអីរួចជាស្រេច។ វគ្គជម្រុះបឋម នឹងត្រូវធ្វើនៅថ្ងៃទី១២-១៣ សីហា ឆ្នាំ២០២៥។ ចំណែក ការចាប់ឆ្នោតចែកពូល នឹងត្រូវធ្វើនៅថ្ងៃទី២៨ សីហា ឆ្នាំ២០២៥។ ពានរង្វាន់កម្រិតទី៣នេះ ត្រូវបានបង្កើតឡើង កាលពីឆ្នាំ២០០៥ ដោយដាក់ឈ្មោះដំបូងថា AFC President’s Cup។ ក្នុងឆ្នាំ២០១១ ភ្នំពេញក្រោន ធ្លាប់ឈ្នះជើងឯករង ពានរង្វាន់មួយនេះ ដោយបានចាញ់ក្រុម Taiwan Power Company ក្នុងវគ្គផ្ដាច់ព្រ័ត្រ លទ្ធផល៣-២។ ពានរង្វាន់នេះ លុះចាប់ពីឆ្នាំ២០១៤ ពានរង្វាន់ AFC President’s Cup ត្រូវបានលុបចោល ដោយសហព័ន្ធបាល់ទាត់ទ្វីបអាស៊ី ឲ្យក្លិបដែលជាម្ចាស់ជើងឯកលីគ មានអាជ្ញាប័ណ្ណ AFC ត្រឹមត្រូវ ចូលរួមប្រកួតក្នុងពានរង្វាន់ AFC Cup។ លុះចូលដល់ឆ្នាំ ២០២៤ សហព័ន្ធបាល់ទាត់ទ្វីបអាស៊ី បានប្រកាសបើកការប្រកួតពានរង្វាន់កម្រិតទី៣ នេះឡើងវិញ ដោយដាក់ឈ្មោះថា AFC Challenge League។ ព្រះខ័នរាជស្វាយរៀង របស់កម្ពុជា បានបង្កើតកំណត់ត្រាថ្មីមួយ ដោយបានឈ្នះជើងឯករងពានរង្វាន់នេះ ក្នុងរដូវកាល២០២៤-២០២៥ ដោយបានចាញ់ក្រុម ARKADAG លទ្ធផល២-១ កាលពីថ្ងៃទី១០ ឧសភា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិមរតកតេជោ៕