"APT." ដែលជាការសហការរួមគ្នារវាង រ៉ូសេ (Rose) មកពីក្រុម ប៊្លែគភីង (BLACKPINK) និងតារាចម្រៀងលំដាប់ពិភពលោក ប្រូណូម៉ាស (Bruno Mars) បានបំបែកកំណត់ត្រាថ្មីនៅលើតារាង ប៊ីលប៊ត ហត វ័នហាន់ដ្រឹដ (Billboard Hot 100) ដោយដណ្តើមបានតំណែងនៅលេងរៀងទី ២៤ ជាប់ៗគ្នារហូតដល់ទៅ ៣៤ សប្តាហ៍។

ភាពជោគជ័យរបស់បទ "APT." មិនមែនទទួលបានត្រឹមនៅលើតារាង ប៊ីលប៊ត ហត វ័នហាន់ដ្រឹដ (Billboard Hot 100) ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបានភាពជោគជ័យនៅលើតារាងផ្សេងៗជាច្រើនទៀតដូចជា ដណ្តើមបានលេខរៀងទី ៤ នៅលើតារាង ប៊ីលបត គ្លូប៊ល ធូហាន់ដ្រឹដ (Billboard Global 200) និង គ្លូប៊ល អ៊ិកឃ្លូឌីង យូអេស (Global Excl. US), ជាប់លេខរៀងទី ២០ នៅលើ ឌីជីថល សង ស៊ែល (Digital Song Sales), លេខរៀងទី ៣៦ នៅលើ ស្ទ្រីមមីង សង (Streaming Songs) និងលេខរៀងទី ២៤ នៅលើ រ៉េយ៍ឌីអូ សង (Radio Songs) របស់សហរដ្ឋអាមេរិកជាដើម។

នេះចាត់ទុកថាបទ "APT." ជាភាពជោគជ័យដ៏អស្ចារ្យមួយសម្រាប់វិស័យ K-Pop ក្នុងកម្រិតសកលលោក និងបញ្ជាក់ឱ្យឃើញថាថាមពលរបស់តារាចម្រៀង Rose និង Bruno Mars នៅពេលដែលបានសហការជាមួយគ្នា កាន់តែធ្វើឱ្យវិស័យតន្ត្រីកក្រើក និងបង្កើតព្រឹត្តិការណ៍ថ្មីក្នុងឧស្សាហកម្មមួយនេះផងដែរ៕