នេះជាជំនួបលើកទី៣ ដែលក្រុមបាល់ទាត់នារីកម្ពុជាអាយុក្រោម១៩ឆ្នាំ ជួបជាមួយ ឥណ្ឌូណេស៊ី ក្នុងពានរង្វាន់ Asean U-19 Girls’ Championship។ ក្នុងជំនួបនេះ នៃពូល B កម្ពុជា បានស្មើជាមួយ ឥណ្ឌូណេស៊ី លទ្ធផល ១-១ នៅថ្ងៃទី១១ មិថុនា នៅកីឡដ្ឋាន Dat Duc ប្រទេសវៀតណាម។

ចាប់ផ្ដើមការប្រកួត ក្រុមនារីអាយុក្រោម ១៩ឆ្នាំកម្ពុជា បានបង្ហាញទម្រង់លេងល្អជាងមុន បើប្រៀបធៀបពេលជួបជាមួយក្រុមម៉ាឡេស៊ី។ ក្រុមកម្ពុជា បានដាក់សម្ពាធ ឥណ្ឌូណេស៊ី យ៉ាងខ្លាំង។ នៅនាទី៨ កម្ពុជា រកបានមួយគ្រាប់ដោយកីឡាការិនី ម៉ៅ រដ្ឋា បន្ទាប់ពីមិត្តរួមក្រុម បានបញ្ជូនបាល់ចូលក្នុងប្រអប់គ្រោះថ្នាក់ឥណ្ឌូណេស៊ី។ កម្ពុជា នាំមុខ ឥណ្ឌូណេស៊ី ១-០។

បន្ទាប់ពីកម្ពុជានាំមុខ ១-០ ក្រុមឥណ្ឌូណេស៊ី ព្យាយាមលេងប្រយុទ្ធខ្លាំងជាមុន។ លុះចូលដល់នាទី១១ ឥណ្ឌូណេស៊ី វាយបកបាន ១គ្រាប់វិញ ។ នៅតង់ទី១នេះ ក្រុមទាំង ២ បានបង្ហាញទម្រង់លេងប្រហាក់ប្រហែលគ្នា ដោយមានឱកាសនៅតំបន់គ្រោះថ្នាក់ទៅវិញទៅមក។ ចប់តង់ទី១ ក្រុមទាំង២ ស្មើក្នុងលទ្ធផល ១-១។

ចូលដល់តង់ទី២ ក្រុមទាំង២ បន្ដទម្រង់លេងដូចជាពាក់កណ្ដាលតង់ទី១ ដោយព្យាយាមរក្សាបាល់ និងព្យាយាមរត់ដាក់សម្ពាធ។ ចូលដល់នាទី៧៥ កម្ពុជា ស្ទើរតែមានឱកាសរកគ្រាប់បាល់បន្ថែម ប៉ុន្ដែត្រូវអ្នកចាំទីឥណ្ឌូណេស៊ី ឡើងមកសង្គ្រោះបាល់បានទាន់ពេលវេលា។

អ្វីដែលក្រុមកម្ពុជា រក្សាការលេងពីប្រកួតដំបូងក្នុងពូលជាមួយម៉ាឡេស៊ី ហើយយកមកប្រើក្នុងជំនួបជាមួយឥណ្ឌូណេស៊ីនេះ គឺការរត់ដាក់សម្ពាធលឿនៗ ហើយមិនអាចឲ្យក្រុមគូប្រកួតអាចមានឱកាសគ្រប់គ្រងបាល់បានយូរឡើយ។រីឯឥណ្ឌូណេស៊ី កីឡាការិនីទាំងអស់ហាក់បីដូចជាមិនហត់ ឬអស់កម្លាំងឡើយ ដែលជាហេតុ ធ្វើឲ្យការប្រកួតដេញយកបាល់គ្នាលឿនៗ និងទាក់ទាញការទស្សនា។

 នៅនាទី៨២ ខ្សែបម្រើស្លាប់ស្ដាំឥណ្ឌូណេស៊ី បានបញ្ជូនបាល់មកតំបន់គ្រោះថ្នាក់កម្ពុជា ប៉ុន្ដែត្រូវកីឡាការិនី ចន ជីតា អ្នកចាំទីកម្ពុជា សង្គ្រោះបាន។ នាទីកាន់តែខ្លី ក្រុមកីឡាការិនី លេងកាន់តែលឿន និងកាន់តែល្អមើល ព្រោះតែការប្រកួតដំបូងក្រុមទាំង២ សុទ្ធតែចាញ់។ ដូច្នេះ ៣ពិន្ទុ ឬជ័យជម្នះនេះ ពិតជាសំខាន់ ដែលបន្ដការសង្ឃឹមទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ 

អ្នកចាំទីឥណ្ឌូណេស៊ី សង្គ្រោះបាល់ពីការស៊ុតរបស់ខ្សែប្រយុទ្ធកម្ពុជា ជាច្រើនលើក។ នៅនាទី៨៨ ខ្សែប្រយុទ្ធកម្ពុជា មានឱកាសស៊ុតពីប្រអប់គ្រោះថ្នាក់ ប៉ុន្ដែត្រូវអ្នកចាំទីរូបនោះ សង្គ្រោះបាន។ ចូលដល់នាទី៨៩ ការប្រកួតកាន់តែក្ដៅ ខណៈក្រុមកីឡាការិនីកម្ពុជា កាន់តែប្រុងប្រយ័ត្ន។ នៅនាទីដដែល កីឡាការិនី វង់ សុដានីតា សម្រេចចិត្តស្លាយយកបាល់ ដែលជាហេតុបង្កកំហុស ធ្វើឲ្យកីឡាការិនីឥណ្ឌូណេស៊ីដួល ហើយកីឡាការិនីកម្ពុជារូបនេះ ទទួលបានកាតលឿងពិន័យពីអាជ្ញាកណ្ដាល។ បញ្ចប់ការប្រកួតក្រុមទាំង២ ស្មើក្នុងលទ្ធផល ១-១៕