កាលពីថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៥ កន្លងទៅ សមាជិកទាំង ៤ របស់ក្រុម BLACKPINK បានចែករំលែករូបភាពរួមគ្នានៅលើបណ្តាញសង្គម ដែលជារូបការជល់ដៃគ្នា។ ការបង្ហាញរូបភាពបែបនេះ បានធ្វើឱ្យ BLINK ដែលជាអ្នកគាំទ្រក្រុមចម្រៀងនារីដ៏ខ្លាំងក្លានេះ បានបង្ហាញអារម្មណ៍រំភើបនូវការត្រៀមខ្លួនវិលមកកាន់វិស័យតន្ត្រីរួមគ្នារបស់ពួកគេ។

ការវិលត្រលប់មកវិញនៅលើកនេះ មិនមែនមានត្រឹមតែរូបភាពខាងលើដែលបានបង្ហោះនៅលើបណ្តាញសង្គមនោះទេ ក៏ព្រោះតែ BLACKPINK បានត្រៀមបើកឆាកការប្រគុំតន្ត្រី World Tour ដែលមានឈ្មោះថា ប្ល៊ែកភីង វើល ធួរ៍ អ៊ីន ហ្គូយ៉ាង (BLACKPINK WORLD TOUR IN GOYANG) ដែលនឹងចាប់ផ្តើមធ្វើឡើងនៅថ្ងៃទី ៥ និង ទី ៦ ខែកក្កដា ខាងមុខនេះ នៅពហុកីឡដ្ឋាន ហ្គូយ៉ាង ស្ពត ខំផ្លេកស៍ មែន ស្តេឌាម (Goyang Sports Complex Main Stadium)។

ការប្រគុំតន្ត្រីទេសចរណ៍លើកនេះ នឹងធ្វើដំណើរទៅកាន់ទីក្រុង ១៦ នៅជុំវិញពិភពលោក សរុបទាំងអស់ ៣១ ការសម្តែង។ អ្វីដែលកាន់តែរំភើបជាងនេះទៅទៀតនោះ បណ្តាអ្នកគាំទ្រ BLINK នឹងបានស្តាប់ចម្រៀងថ្មីមុនគេពីការប្រគុំតន្ត្រីទាំងនោះផងដែរ។

ការត្រលប់មករួមគ្នាសារជាថ្មីរបស់សមាជិកទាំង ៤ រូបរបស់ BLACKPINK មិនត្រឹមតែជាសញ្ញាល្អមួយសម្រាប់អ្នកគាំទ្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្ហាញឱ្យឃើញពីសម្ព័ន្ធភាពដ៏ស្អិតរមួតរបស់ពួកគេ និងបង្កើតក្តីសង្ឃឹមដល់អ្នកគាំទ្រ ថានឹងបានទស្សនាការសម្តែងពិសេសរបស់ BLACKPINK នៅលើឆាកតន្ត្រីឆាប់ៗខាងមុខនេះ៕