កណ្តាល ៖
ទុស្សេខ្សែភ្លើងក្លាយជាអគ្គិភ័យ ឆេះលំនៅដ្ធានប្រជាពលរដ្ធអស់ទាំងស្រុងចំនួនពីរខ្នង ខណ:ម្ចាស់ផ្ទះមិនបាននៅ ត្រូវបានសមត្ថកិច្ចចុះជួយអន្តរាគមន៍ដែលហេតុការណ៍អគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង១៥និង៣០នាទីថ្ងៃទី០១ ខែមិថុនាឆ្នាំ២០២៥ នៅចំណុចភូមិធំ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។
លោក ជឺ គីមហៃ អភិបាលស្រុក និងជាគណៈបញ្ជាការឯកភាពស្រុកស្អាង បានប្រាប់ឲ្យដឹងថាផ្ទះទី១ មានទំហំ០៥ម៉ែត្រ គុណនឹង០៧ម៉ែត្រ(5×7)ប្រភេទផ្ទះធ្វើអំពីឈើ តំបូលប្រក់ស័ង្កសី ជញ្ជាំងក្តារបន្ទះ(ខូតខាតទាំងស្រុង) ដែលមានម្ចាស់ផ្ទះឈ្មោះ ប៊ុត ឡាយ ភេទស្រី អាយុ៦៥ឆ្នាំ មុខរបរ កសិករ ។ ផ្ទះទី០២ មានទំហំ ៥ម៉ែត្រគុណនិង០៨ម៉ែត្រ(5×8)ប្រភេទផ្ទះធ្វើអំពីឈើ តំបូលប្រក់ស័ង្កសី ជញ្ជាំងក្តារបន្ទះ(ខូតខាតទាំងស្រុង)ម្ចាស់ផ្ទះឈ្មោះ ប៊ុត ពូន ភេទប្រុស អាយុ៧៨ឆ្នាំ មុខរបរកសិករ ដោយ ម្ចាស់ផ្ទះទាំងពីរមានទីលំនៅក្នុងភូមិឃុំកើតហេតុ។ ចំពោះសម្ភារ:នៅក្នុងផ្ទះ និងផ្ទះទាំងពីរខ្នង បានរងការឆេះអស់ទាំងស្រុង ។
គណ:បញ្ជាការឯកភាពស្រុក បានប្រាប់អោយដឹងបន្ថែមទៀតថា÷ជនរងគ្រោះជាម្ចាស់ផ្ទះទាំងពីរគ្រួសារមិនបាននៅផ្ទះទេ លុះដល់វេលាកើតហេតុ គឺមានអ្នករស់នៅក្បែរខាង បានឃើញមានផ្សែង និងអណ្ដាតភ្លើងបានឆេះរាលដាលពីសសរកណ្ដាលផ្ទះរបស់ឈ្មោះ ប៊ុត ឡាយ ចេញមកខាងក្រៅ រួចបានឆេះរាលដាលទៅដល់ឈ្មោះ ប៊ុត ពូន ក៏បានស្រែកហៅអ្នកស្រុកអោយជួយពន្លត់តែភ្លើងបានឆេះ ខ្លាំងឡើងៗទៅហើយ។
គណៈបញ្ជាការឯកភាពបានបញ្ជាក់ថា÷ បន្ទាប់ពីទទួលបានព័ត៌មានខាងលើភ្លាម កម្លាំងអធិការដ្ធាននគរបាលស្រុកស្អាងផ្នែកបង្ការពន្លត់អគ្គីភ័យ រួមជាមួយកម្លាំងមូលដ្ធានកងរាជអាវុធហត្ថស្រុក កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលក្រាំងយ៉ូវ ប្រជាការពារ ប្រជាពលរដ្ឋ បានចូលរួមសហការគ្នាបាញ់ទឹកជួយពន្លត់បានរលត់ទាំងស្រុងនៅវេលាម៉ោង១៦ និង២០នាទី ដោយប្រើប្រាស់ទឹកអស់ចំនួន០១រថយន្ត ស្មើទឹក០៧ម៉ែត្រគូប ។ គ្រោះអគ្គិភ័យនេះ គឺមិនបណ្តាលអោយមានរងរបួសគ្រោះថ្នាក់ដល់មនុស្សនោះឡើយ ៕