កណ្តាល៖
ជាករណីដ៏កម្រមួយ ដែលជនសង្ស័យ២នាក់ចូលលួចកាច់កម៉ូតូ ក្នុងផ្ទះសំណាក់បានហើយ តែជនសង្ស័យម្នាក់ស្គាល់ម៉ូតូជារបស់អ្នកដែលស្គាល់គ្នាក៏យកម៉ូតូទៅអោយម្ចាស់គេវិញ ឯជនសង្ស័យម្នាក់ទៀត ត្រូវសមត្ថកិច្ចឃាត់ខ្លួន។
ហេតុការណ៍ដ៏កម្រនេះ បានកើតឡើងកាលពីវេលាម៉ោង០២និង៣០នាទីឆ្លងអាធ្រាតចូលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចផ្ទះសំណាក់មួយកន្លែងស្ថិតក្នុងភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ប្រភពសមត្ថកិច្ចមូលដ្ធាន បានប្រាប់អោយដឹងថាជនរងគ្រោះមានឈ្មោះ សៅ ឡាងអ៊ី ( ស. ឡ.អ៊.) ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិប្រាសាទ ឃុំប្រសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង មុខរបរសិស្ស (មិនបានមកដាក់ពាក្យបណ្តឹងនោះទេ)។
ចំនែកជនសង្ស័យមានគ្នាចំនួន០២នាក់ ទី១-ឈ្មោះ អ៊ឹម យូសែប ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិបូរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបររត់តុការ ធ្វើតេស្តរកសារធាតុញៀនវិជ្ជមាន(+) ត្រូវបានឃាត់ខ្លួន រីឯជនសង្ស័យទី២- ឈ្មោះ ដេត ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅមិនពិតប្រាកដ បានរត់គេចខ្លួន។
ចំពោះវត្ថុតាងចាប់យក៖ ទូរសព្ទ័មួយគ្រឿងម៉ាកOppo A5 ពណ៌ស , ដែកសំប៉ែតមុខស្រួចឧបករណ៍សម្រាប់កាច់កម៉ូតូ ចំនួន០១, ដែកសម្រាប់ឆ្កឹះសោចំនួន ០១ ។
តាមការសាកសួរ ជនសង្ស័យបានឆ្លើយថា ខ្លួននិង ឈ្មោះដេត ពិតជាបាននាំគ្នាធ្វើសកម្មភាពលួចកាច់សោរកម៉ូតូរបស់ជនរងគ្រោះខាងលើប្រាកដមែន តែម៉ូតូនោះត្រូវឈ្មោះដេត បានយកទៅប្រគល់ឲ្យជនរងគ្រោះវិញហើយ។
បច្ចុប្បន្ន ជនសង្ស័យឈ្មោះ អ៊ឹម យូសែប កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
