ភ្នំពេញ ៖
បុរសជាអ្នកលក់នំប៉័ង សាច់ក្រក់ហត់ដក ម្នាក់ បានខ្យល់គរស្លាប់នៅតាមផ្លូវ ខណៈពេលដឹកប្រពន្ធចេញពីផ្ទះទៅប្ដូរហ្គាស់និងទិញនំបុ័ងហត់ដក និងសម្ភារៈផ្សេងៗមកលក់។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង ១១និង៥០នាទីព្រឹក ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវ៥៩២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ បុរសរូបនោះភ្លាមៗពុំត្រូវគេស្គាល់អត្តសញ្ញាណឡើយ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅកាន់ឈាបនដ្ឋានវត្តពោធិ៍ចិនតុងដើម្បីរង់ចាំសមត្ថកិច្ចចុះត្រួតពិនិត្យ។
តាមព័ត៌មានឲ្យដឹងថានៅមុនពេលកើតហេតុ គេឃើញបុរសរូបនោះបានជិះម៉ូតូរ៉ឺម៉កលក់នំបុ័ងហត់ដក មួយគ្រឿងដឹកស្ត្រីជាភរិយាធ្វើដំណើរតាមដងផ្លូវ។ ខណៈពេលមកដល់កន្លែងកើតហេតុមិនស្រួលខ្លួនហើយក៏ឈប់ម៉ូតូដើម្បីធ្វើចលនាជួយរិត និងទាក់ទងហៅរថយន្ត ប្រុងបញ្ជូនទៅកាន់មន្ទីរពេទ្យ តែត្រូវបានគ្រូពេទ្យអះអាងថាបានស្លាប់បាត់បង់ជីវិតទៅហើយ។
តាមព័ត៌មានឲ្យដឹងទៀតថានៅមុនពេលកើតហេតុ ស្ត្រីរូបនោះបានធ្វើដំណើរចេញពីផ្ទះនៅម្ដុំផ្សារឈូកមាស ដោយនាំគ្នាជិះម៉ូតូរ៉ឺម៉កទៅដូរហ្គាស់និងទិញនំប៉័ងហត់ដក យកទៅលក់។ មុនចេញដំណើរបុរសជាប្ដី ក៏បានប្រាប់ស្ត្រីជាប្រពន្ធថា មិនស្រួលខ្លួនដែរ មិននឹកស្មានថាធ្វើដំណើរតាមដងផ្លូវក៏ខ្យល់គរស្លាប់បែបនេះ។ បន្ទាប់ពីភ្ញាក់ផ្អើល បុរសម្នាក់ខ្យល់គរ ស្លាប់ សមត្ថកិច្ចនគរបាលមូលដ្ឋាន ក៏បានចុះទៅកន្លែងកើតហេតុនិងទាក់ទងសមត្ថកិច្ចនគរបាលជំនាញចុះត្រួតពិនិត្យ ហើយ បានសន្និដ្ឋានថា បុរសរូបនោះស្លាប់ដោយសារគាំងបេះដូង៕